សំណង់ស្ពានខ្ពស់ជាងគេនៅកម្ពុជាសម្រេចបានជាង៤១ភាគរយ,ខណៈការដ្ឋានកំណាត់ផ្លូវជាតិលេខ១០សម្រេចបានជាង៨៣ភាគរយ
ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះថា គិតត្រឹមដំណាច់ខែឧសភាកន្លងទៅថ្មីៗនេះគម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួនបី រួមមាន ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង (សំឡូត-វាលវែង-កោះកុង)មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រសម្រេចបាន៨៣,៣៦ភាគរយនៃគម្រោងទាំងមូល ។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ក្នុងវឌ្ឍនភាពការដ្ឋាន៨៣,៣៦ភាគរយនៃគម្រោងទាំងមូលនេះរួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧,៣១ភាគរយ ,ការងារស្ពានសម្រេចបាន៩១,១៨ភាគរយ។ដោយឡែកការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រសម្រេចបាន៤១,៥០ភាគរយដែលគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ។ចំណែកការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២ភាគរយ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤ភាគរយ។
ឯកឧត្តម ផន រឹម បន្ថែមថានៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។
លោកបន្តថា បច្ចុប្បន្នកំណាត់ផ្លូវលេខ១០ មានស្ថានភាពដូចតទៅ៖ ពីpk0(សំឡូត)-pk60(ក្រពើពីរ)កៅស៊ូ ,ពីpk 60-pk 85 ក្រួសក្រហម ,ពីpk 85-pk112(អូរសោម)កៅស៊ូ ,ពីpk 112 -pk 130 ក្រួសក្រហម(អាចរអិលបន្តិចបន្តួចពេលភ្លៀងលើកំណាត់ខ្លះៗ),ពីpk 130-pk 160 កៅស៊ូ,pk 160 -pk 175 ក្រួសក្រហម និងពីpk 175-pk 198 (កោះកុង)កៅស៊ូ។
សូមជម្រាបថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខ៕
ដោយ៖មុនី