រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំតម្លៃជាងមួយលានដុល្លារ ត្រូវបានសម្ពោធ
កំពង់ធំ៖រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃជាងមួយលានដុល្លារនៅខេត្តកំពង់ធំ ដែលជាការវិនិយោគពីប្រទេសជប៉ុនត្រូវបានសម្ពោធកាលពីថ្ងៃទី៤ ខែ មិថុនាឆ្នាំ ២០២៤ក្រោមវត្តមានឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម អាតស៊ូស៊ិ អ៊ូអិណូ អគ្គរាជទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា។រោងចក្រនេះស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ។
លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជា ដំណាំចន្ទីដាំដុះបាន ១៤៥.៣០០ហិកតា ,អាចប្រមូលផលបានលើផ្ទៃដី៨០.០០០ហិកតាដោយទទួលបានទិន្នផលជាមធ្យម១,៥តោនក្នុងមួយហិកតាក្នុងមួយឆ្នាំ។ខេត្តមានសហគ្រាសសិប្បកម្ម កែច្នៃស្វាយចន្ទីចំនួនប្រាំពីរកន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែង។
ដោយឡែករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដែលដាក់សម្ពោធនេះប្រើប្រាស់ទុនជាងមួយលានដុល្លារ ។រោងចក្រមានទំហំ៥៨ ម៉ែត្រ គុណ២០ ម៉ែត្រ និងអាចផលិតបាន១០តោនក្នុងមួយថ្ងៃក្នុងកម្រិតកុងត្រា១ ៥០០តោនក្នុងមួយឆ្នាំសម្រាប់ឆ្នាំដំបូងនិងសម្រាប់ឆ្នាំបន្ទាប់៣ ០០០តោន ក្នុងមួយឆ្នាំ ។
ឯកឧត្តម តូច ប៊ុនហួរ បានថ្លែងថាខេត្តកំពង់ធំត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។លើសពីនេះគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមានទំហំធំនិងមានរសជាតិឈ្ងុយឆ្ងាញ់ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមមានប្រទេសជប៉ុនផងដែរ។
ឯកឧត្តមបញ្ជាក់ថា ដោយឃើញពីសក្តានុពលនៃផលិតផលស្វាយចន្ទី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពជា បានផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យធ្វើការដឹកនាំរៀបចំនិង ដាក់ចេញនូវ វិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃ និង ការនាំចេញផលិតផលស្វាយចន្ទី ក្នុងនោះ រួមមាន ៖ (១) ការពង្រឹង និង ការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់ កណ្តាលសម្រេចសិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់បន្តពង្រឹង និង ពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន ។(២)ការ បន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing)។ (៣) ការ ជំរុញការចងក្រង និង ការបង្កើតសហគមន៍កសិករស្វាយចន្ទី និង (៤) ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិលសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីដើម្បីកែច្នៃនិងការបង្កើនទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី៕
ដោយ៖ ប៊ុន រដ្ឋា