ប្រធានព្រឹទ្ធសភាកម្ពុជា ចង់ជួយគុយបា ក្នុងរបៀបផលិតស្រូវអង្ករ (Video Inside)

ប្រធានព្រឹទ្ធសភា នៃប្រទេសកម្ពុជា បានបង្ហាញនូវគម្រោងជួយសាធារណរដ្ឋគុយបា ក្នុងការផលិតស្រូវអង្ករ ដើម្បីកាត់បន្ថយការនាំចូល។

ការបង្ហាញនូវគម្រោងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ប្រទេសគុយបា គឺជាប្រទេសដែលធ្វើស្រូវមិនបានល្អដូចកម្ពុជាឡើយ។ ទិន្នផលស្រូវផលិតដោយកសិករគុយបា ត្រូវគេរាយការណ៍ថា មិនបានគ្រប់គ្រាន់ តាមតម្រូវការឡើយ។ ប្រទេសគុយបា តែងចំណាយថវិកាទិញនាំចូលអង្ករ ក្នុងមួយឆ្នាំៗជាច្រើនរយលានដុល្លារ។

សម្តេចតេជោបានថ្លែងថា ប្រទេសគុយបា អាចយកបច្ចេកទេសផលិតស្រូវកម្ពុជា ដើម្បីយកទៅអនុវត្តជាក់ស្ដែង ពីព្រោះបច្ចុប្បន្ន គុយបាកំពុងមានបញ្ហាខ្វះខាតស្បៀង ដែលជាបញ្ហាសំខាន់ ត្រូវយកចិត្តទុកដាក់ដោះស្រាយ។

សម្តេចតេជោបានថ្លែងបញ្ជាក់ថា កម្ពុជាមានបទពិសោធន៍ក្នុងការផលិតស្រូវ ដោយប្រើរយៈពេលខ្លី ដោយប្រើទឹកតិច និងអាចជួយដល់គុយបា ជម្នះការលំបាកក្នុងពេលដែលប្រទេសគុយបា កំពុងតែទទួលរងនូវការហ៊ុមព័ទ្ធទណ្ឌកម្មសេដ្ឋកិច្ច។

ads banner