ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីប្រកាសក្រុមការងារប៉ាម៉ានី ក្រោមប្រធានបទ ការសួរសុខទុក្ខពីប៉ាម៉ានី

កំពង់ស្ពឺ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុមការងារប៉ាម៉ានី ក្រោមប្រធានបទ ការសួរសុខទុក្ខពីប៉ាម៉ានី ដាំកូនឈើ និងសម្ពោធ ក្តារខៀនកិត្តិយស ឯកឧត្តម ហ៊ុន ម៉ានី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សា ស្រះស្តេច សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន ក្រុមការងារ ប៉ាម៉ានី បានសម្តែងការ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងអ្នកចូលរួមទាំងអស់ ដែលបានអញ្ជើញមកចូលរួម កម្មវិធី នាឱកាសនោះ ។ ឯកឧត្តម អនុប្រធាន ក្រុមការងារ ប៉ាម៉ានី បានលើកឡើងទៀតថា នេះជាលើកទី១ ដែលក្រុមការងារ ប៉ាម៉ានី បានរៀបចំ កម្មវិធីប៉ាម៉ានី ក្រោមប្រធានបទ “សួរសុខទុក្ខពីប៉ាម៉ានី”។

លើកទី១នេះ មានលក្ខណៈពិសេស ពីព្រោះ ប៉ាម៉ានី ក៏បានមាន វត្តមាននៅទីនេះផ្ទាល់តែម្តង ជាមួយនឹង បេះដូង និងទឹកចិត្តស្រលាញ់កុមារ ជាពិសេសកុមារ ទាំងអស់ របស់ខេត្តកំពង់ស្ពឺ។ ប៉ាម៉ានី មិនគ្រាន់តែជា ប៉ាម៉ានី របស់កុមារ នៅកំពង់ស្ពឺទេ តែលោកក៏ជា ប៉ាម៉ានី នៅអង្គការ ជួយកុមារមួយ នៅភ្នំពេញ ឈ្មោះថា អង្គការផ្ទះបាយកុមារ ដែលគោលបំណង របស់អង្គការ គឺផ្តល់ពេលវេលា សមរម្យមួយម៉ោង ក្នុងមួយថ្ងៃដល់ កុមារដែលរើសអេតចាយ កុមារទុរគត ដើរសុំទាន នៅតាមដងផ្លូវ បានហូបឆ្ងាញ់ មួយពេល សមរម្យ ដូចកុមារដែល ឪពុកម្តាយមានជីវភាព សមរម្យដូចគេដូចឯង។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានរៀបចំឱ្យមានការសាងសង់ ជាក្តារខៀនកិត្តិយស ដែល ជំរុញឱ្យក្មេងៗ ប្អូនៗ ក្មួយៗ កូនៗទាំងអស់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីមានឈ្មោះដាក់នៅលើក្តារខៀននេះ ហើយមិនត្រឹមតែមានរូបថតកូនៗដែលជាប់ចំណាត់ថ្នាក់ល្អតែប៉ុណ្ណោះទេ ថែមទាំងមានរូប ឪពុក ម្តាយ ភ្ជាប់ជាមួយគ្នាផងដែរ។ បន្ថែមពីនេះសូមលោកគ្រូ អ្នកគ្រូ សូមជួយខិខំបន្ថែមទៀតជួយបង្រៀនដល់ក្មេងៗទាំងអស់ ដែលក្រុមការងារនិងធ្វើការចុះជាបន្តបន្ទាប់ទៀតនៅតាមសាលា ដើម្បីតាមដានកិច្ចការងារមួយចំនួន រួមជាមួយនិងការដាំដើមឈើ ក្តារខៀន របស់ ឯកឧត្តម ហ៊ុន ម៉ានី ផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងនូវ ការកោតសរសើរ ដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំ បណ្តុះបណ្តាល សិស្សានុសិស្ស នាពេលកន្លងមក ដោយមិនគិត ពីការនឿយហត់ ។ ឯកឧត្តម បានបន្ថែមថា ក្រៅពី ការបណ្តុះបណ្តាល បង្ហាត់បង្រៀន ពីលោកគ្រូ អ្នកគ្រូ ហើយ ប៉ុន្តែនៅផ្ទះសូមឱ្យមាន ការអប់រំ បន្ថែមទៀត ទាំងលក្ខណៈរៀនសូត្រផង ទាំងវិន័យផង និងចរិយាពណ៌ផងដែរ។ ការចេះគោរព ចាស់ទុំនេះ គឺពិតជាមានសារៈសំខាន់ ណាស់ នៅក្នុងនោះគឺយើងឃើញហើយ ក្នុងមួយរយៈចុងក្រោយនេះឃើញថា មានបងតូចបងធំ ប្រព្រឹត្តនូវអំពើអសិលធម៌ក្នុងសង្គម ដែលទាំងអស់នេះត្រូវតែមានការចូលរួមទាំងអស់គ្នា ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បន្ថែមថា «ការប្រកាស នូវគម្រោងកម្មវិធី សួរសុខទុក្ខពី ប៉ាម៉ានី នៅតាម សាលាបឋមសិក្សា នៅក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ គឺផ្តោតជាសំខាន់នូវការរៀនសូត្រទៅដល់កូនៗ ដែលចាប់ផ្តើមពីកំរិតនៅក្នុងសាលាបឋមសិក្សា»។ ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់បន្ថែមថា ឈ្មោះកម្មវិធី ប៉ាម៉ានី គឺគ្រាន់តែជាមួយផ្នែកតូចមួយ ដើម្បីធ្វើយ៉ាងណា តាមដាន ហើយចូលរួមចំណែកនូវអ្វីដែលជាការអប់រំ របស់កូនៗតែប៉ុណ្ណោះ គឺមិនបានសិទ្ធធ្វើជាអាណាព្យាបាល ឬឪពុកម្តាយ របស់កូនៗនោះទេ ។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ការរៀបចំឱ្យមានក្តារខៀនកិត្តិយស់នេះ ដើម្បីធ្វើយ៉ាងណាខិតខំលើកទឹកចិត្ត ឱ្យមានការខិតខំប្រឹងប្រែងរៀនសូត្រ ដែលយើងធ្វើនៅក្នុងសាលាផង នៅក្នុងផ្ទះផង ហើយកត្តាគន្លឹះធំជាងគេ គឺការអប់រំ រៀនសូត្រនេះហើយ ដើម្បីឱ្យ ជោគជ័យក្នុងជីវិតរបស់ខ្លួន។ ប្រសិនបើកូនក្មេងម្នាក់ដែលកើតនៅក្នុងជួរកសិករ ជួរអ្នកនេសាទ នៅទីជនបទ តាមរយៈការរៀនសូត្រ និងការពុះពារ ដើម្បីដាក់គន្លឹះឱ្យជីវិតយើងជោគជ័យ គឺតាមរយៈការសិក្សារៀននេះហើយ ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន គាត់គឺជាកូនកសិករ តាមរយៈកិច្ចខិតខំប្រឹងប្រែងពុះពារគ្រប់បែបយ៉ាង ទើបគាត់អាចទៅក្លាយជាអ្នកដឹកនាំដ៏ឆ្នើមមួយរបស់ប្រទេសជាតិបាន។

គួរបញ្ជាក់ថា ពិធីកាត់ខ្សែបូសម្ពោធ ក្តារខៀនកិត្តិយស ប៉ាម៉ានី និងកម្មវិធីសួរសុខទុក្ខពីប៉ាម៉ានី ក្រុមការងារប៉ាម៉ានី ក៏មានរៀបចំ ការប្រកួត កីឡាបណ្តាក់ យ៉ាងសប្បាយរីករាយ ចំនួន ៤ វិញ្ញាសារ។ បានញ៉ាំអាហារ សម្រន់ឆ្ងាញ់ៗ បានចូលរួមដាំដើមឈើ ហើយឯកឧត្តម ហ៊ុន ម៉ានី បានសន្យាបញ្ចប់សំណង់ អគារទីចាត់ការ ដែលបច្ចុប្បន្នបានត្រឹមជញ្ជាំងឲ្យសាលារៀនស្រះស្តេចនេះទៀត ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner