រដ្ឋ​មន្រ្តីក្រសួងបរិស្ថាន៖ សិស្សានុសិស្ស គ្រូបង្រៀន ចូលរួមក្នុងចលនា​សម្អាត​បរិ​ស្ថាន កន្លែងរស់នៅប្រកបដោយសុខភាពល្អ និងបណ្តុះទម្លាប់​ក្នុងការរស់នៅស្អាត

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៤ ដើម្បីពង្រឹងទៅលើការអនុវត្ត យុទ្ធសាស្រ្តចក្រាលើវិស័យបរិស្ថាន ដែលក្នុងនេះ បានផ្តោតសំខាន់ទៅលើភាពស្អាត បៃតង និងចិរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យមន្ទីរបរិស្ថាន បន្តយុទ្ធនាការកាត់បន្ថយប្លាស្ទិកឱ្យបានផុសផុលជាប្រចាំ សំដៅជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅតាមសាលារៀន បន្តការអនុវត្តយុទ្ធនាការ ”ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលត្រូវផ្សារភ្ជាប់ភាពស្អាត ពីសាលារៀនដល់មូលដ្ឋានដើម្បីចូលរួមក្នុងចលនាសម្អាតបរិស្ថាន នៅកន្លែងរស់នៅ ប្រកបដោយសុខភាពល្អ និងបណ្តុះទម្លាប់ក្នុងការរស់នៅស្អាត។

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យសិស្សានុសិស្ស ត្រូវតែបង្កើតភាពស្អាតចេញពីខ្លួន ចេញពីបេះដូង ដើម្បីធ្វើយ៉ាងណារក្សាបាននូវផ្នត់គំនិតស្អាត។ ហើយសង្ឃឹមជឿជាក់ថា យុទ្ធនាការ”កម្ពុជាស្អាត ខ្មែរធ្វើបាន” ដែលជាយុទ្ធការថ្មីមួយទៀត របស់ក្រសួងបរិស្ថាន នឹងជួយឱ្យរួបរួមគ្នាកែប្រែពីយុទ្ធនាការ ទៅជាចលនាមួយយ៉ាងផុសផុល និងបន្តឆ្ពោះទៅជាទម្លាប់ ដែលទម្លាប់នេះហើយ នឹងជួយឱ្យកម្ពុជាស្អាត ពេលនោះមុខមាត់នៃប្រទេសជាតិយើងកាន់តែលេចត្រដែតលើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ធ្វើការបណ្តុះកូនឈើឱ្យបានច្រើនថែមទៀត ដែលបច្ចុប្បន្នមន្ទីរបានបណ្តុះរួចរាល់ហើយជាង ២ម៉ឺនដើមក្នុងថ្នាល ដើម្បីចូលរួមយុទ្ធនការដាំឈើយ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំ ដោយការចែកកូនឈើដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដាំដុះ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់យុវជនកម្ពុជា ចូលរួមពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ”ពន្លកបៃតង” នៅខាងមុខក្រសួងបរិស្ថាន ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីចែកជូនកូនឃើប្រជាពលរដ្ឋ យកទៅដាំដុះបង្កើនភាពបៃតងក្នុងប្រទេសកម្ពុជា ពិសេសខេត្តត្បូងឃ្មុំនេះតែម្តង។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ ពិសេស សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលបានចូលរួមយុទ្ធនាការបរិស្ថាន ដែលជាផ្នែកមួយសំខាន់ក្នុងការលើកស្ទួយកម្ពុជាយើង ឈានឆ្ពោះទៅកំណត់ទស្សនៈវិស័យ ជាប្រទេសដែលមានគម្របព្រៃឈើ៦០ភាគរយនិងជាប្រទេសអព្យាក្រិតកាបូន នៅឆ្នាំ២០៥០៕

ដោយ ៖ ជិន ម៉ាដេប៉ូ
(FB-TT)

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner