កំពង់ផែអន្តរជាតិកំពត តម្លៃ ១៤០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កំពត)៖ កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រ មាណ ១៤០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ប៉េង ពោធ៌នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបង្កើតឡើងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតឱ្យអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ លើផ្ទៃដីទំហំសរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត ។

គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពតនៅក្នុងដំណាក់កាលទី១ បានបញ្ចប់ការសាង សង់ ជាស្ថាពរស្របតាមលក្ខណៈបច្ចេកទេសនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន ៖ ចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ មានបង្គោលចងពួរ សម្រាប់នាវាចូលចតអែបចំណតនាវា និងរបាំងការពារការប៉ះទង្គិចនាវា, ការសាងសង់ទីលានកុងតឺន័រ , ឃ្លាំងស្តុកទំនិញ, អគារត្រួតពិនិត្យទំនិញ, ការសាងសង់ច្រកទ្វារចូល-ចេញផ្នែកខាងមុខមានរបាំងប៉ុស្តិ៍យាមហ៊ុមព័ទ្ធដោយរបងជុំវិញ និងរោងម៉ាស៊ីនភ្លើងចំនួន២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាលកម្ពស់ ៣ជាន់ សម្រាប់ជាការិយាល័យបំពេញការងាររបស់បុគ្គលិកកំពង់ផែ មន្ត្រីគយ និងរដ្ឋាករកម្ពុជា មន្ត្រីសុខាភិបាល មន្ត្រីអន្តោប្រវេសន៍ និងការិយាល័យរបស់មន្ត្រីមេបញ្ជាការផែ និងកណ្ណធារ និងការរៀបចំត្រៀម នូវបន្ទប់សម្រាប់ប្រើប្រាស់ជាមណ្ឌលត្រួតពិនិត្យចរាចរណ៍នាវា ដែលធ្វើប្រតិបត្តិការចូល-ចេញតាមផ្លូវទឹកផងដែរ ។

ចំពោះដែនទឹករបស់កំពង់ផែ គឺជាសម្បត្តិរបស់រដ្ឋដែលរាជរដ្ឋាភិបាល បានកំណត់ផ្តល់សិទ្ធិប្រើប្រាស់ក្នុងទំហំសរុប ៦៧៨ហិកតា រួមជាមួយការស្ថាបនាប្រឡាយនាវាចរណ៍ មានបណ្តោយ ២,៦០០ម៉ែត្រ ទទឹងប្រវែង ១៧០ម៉ែត្រ និងជម្រៅទឹក ១០ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាចំណុះ ១០,០០០តោន ឬស្មើនឹង ៦៦៦TEU ចូលចតបាន។ ផ្លូវនាវាចរណ៍នេះ ក៏មានរៀបចំនូវកន្លែងអាងបត់សម្រាប់នាវាធ្វើចលនាបត់ ដែលមានអង្កត់ផ្ចិត ១,០០០ម៉ែត្រ និងការបំពាក់ពោងសញ្ញាជំនួយនាវាចរណ៍ ដែលអាចឱ្យនាវាធ្វើប្រតិបត្តិការដឹកជញ្ជូនប្រកបដោយសន្តិសុខ និងសុវត្ថិភាព។

សម្រាប់ផ្នែកប្រតិបត្តិការផ្ទេរផ្ទុក និងលើកដាក់ទំនិញ, កំពង់ផែ ក៏បានបំពាក់គ្រឿងចក្រ និងឧបករណ៍គ្រប់គ្រាន់សម្រាប់ធានាដល់ប្រតិបត្តិការ រួមមាន៖ គ្រឿងចក្រលើកដាក់ចល័ត គែមផែប្រភេទ PORT QCS ចំនួន ៣គ្រឿង ដែលមួយគ្រឿងមានសមត្ថភាពលើកដាក់រហូតដល់ ៤៥តោន, គ្រឿងចក្រលើកដាក់កុងតឺន័រចល័តនៅទីលាន ប្រភេទ RTG ចំនួន៣គ្រឿង និង ការបំពាក់សម្ភារបរិក្ខារផ្សេងៗទៀតដែលបម្រើដល់សកម្មភាពប្រតិបត្តិការរបស់កំពង់ផែ រួមទាំងការបំពាក់ប្រព័ន្ធតាមដានសុវត្ថិភាព សន្តិសុខ ដែលគ្របដណ្ដប់លើដែនគោក និងដែនទឹក របស់កំពង់ផែផងដែរ។

ឯកឧត្តម ប៉េង ពោធ៌នា បានបន្តថា គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១ ចំណាយថវិកាសាងសង់ប្រមាណ ១៤០លានដុល្លារអាមេរិក ដែលជាទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត។ ជាមួយនេះ ក្រុមហ៊ុនកំពតផត ក៏មានគម្រោងសាងសង់ពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែពហុបំណងកំពតនេះ ក្នុងដំណាក់កាលទី២ និងទី៣ ដែលគ្រោងសាងសង់ឡើងដោយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ ២០,០០០តោន អាចធ្វើប្រតិបត្តិការចូល-ចេញកំពង់ផែប្រកបដោយសុវត្ថិភាព ។

កំពង់ផែពហុបំណងកំពតនេះ រំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែម ឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ហើយការដឹកជញ្ជូនតាមផ្លូវសមុទ្រ ពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការ ដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹង ទៅដល់គោលដៅចុងក្រោយ ។ កំពង់ផែថ្មីនេះ ក៏នឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់ពលរដ្ឋដែលរស់នៅខេត្តកំពត និងពលរដ្ឋខេត្តដទៃទៀត ។

បច្ចុប្បន្ន បុគ្គលិក កម្មករ និយោជិត ដែលបានកំពុងបម្រើការងារនៅកំពង់ផែនេះ មានចំនួន ១៧៦នាក់ ហើយនឹងមានការកើនឡើងបន្ថែមទៀតនាពេលអនាគត ។ ទីតាំងរបស់កំពង់ផែនេះ ក៏មានការសាងសង់ចំណតនាវាប្រភេទជាសាឡង់ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ តាមរយៈផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលគ្រោងបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner