សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កំពង់ផែពហុបំណងកំពត នឹងក្លាយជាសរសៃឈាមថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា
កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុក កំពង់ផែពហុបំណងកំពតនឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការ ដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំពង់ផែពហុបំណងកំពតនឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ ថ្មីមួយទៀត សម្រាប់ការ ដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ពាណិជ្ជកម្ម និង ការផ្លាស់ប្ដូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាផងដែរ ។
សម្តេចធិបតី បានបន្តថា ក្នុងការចាប់ផ្តើមអភិវឌ្ឍដំបូង កំពង់ផែពហុបំណងកំពត មានឈ្មោះ កំពង់ផែអន្តរជាតិកំពត ដើម្បីធានានូវភាពស្របច្បាប់ពេញលេញដោយអនុលោមតាមច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងភាពសមស្របទៅនឹងការប្រើឈ្មោះកំពង់ផែជាទូទៅនៅកម្ពុជា ក៏ដូចជា នៅតាមបណ្តាប្រទេសនានា លើពិភពលោក ។
សម្តេច បញ្ជាក់ថា បញ្ចៀសការភ័ន្តច្រឡំថា នៅខេត្តកំពត ឬ នៅប្រទេសយើង មានកំពង់ផែអន្តរជាតិតែមួយគត់ ដែលបំពេញមុខងារសម្រាប់អនុញ្ញាតឱ្យនាវាសមុទ្របរទេសចូលចេញបាន ខ្ញុំក៏បានសម្រេចដាក់ចេញអនុក្រឹត្យផ្លាស់ប្ដូរឈ្មោះទៅជា “កំពង់ផែពហុបំណងកំពត” វិញ, ដោយបានកំណត់ គោលបំណងយ៉ាងច្បាស់របស់កំពង់ផែនេះ ក្នុងការបម្រើសេវាឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈ អន្តរជាតិចូលចេញ, ផ្ទេរផ្ទុក, លើកដាក់ និង រក្សាទុកទំនិញជាកុងតឺន័រ ទំនិញទូទៅ និង អ្នកដំណើរ ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែនថា ទោះបីជាកំពង់ផែពហុបំណងកំពត គឺជាការបោះទុនវិនិយោគដោយវិស័យឯកជនដែលមានក្រុមហ៊ុន កំពតផត ជាអង្គភាពគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម និង ទទួលបន្ទុកធ្វើទំនើបកម្មអភិវឌ្ឍកំពង់ផែនេះក៏ពិតមែន ក៏កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ ថ្មីមួយទៀត សម្រាប់ការ ដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា ។
តាមរបាយការណ៍រដ្ឋមន្ត្រីសាធារណៈការ បានឱ្យដឹងថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និង កៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ឱ្យកាន់ត រីកចម្រើនថែមទៀត ។ ដោយឡែក កំពង់ផែពហុបំណងកំពតនេះ ត្រូវបានចាត់ទុកថា នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើប និងមានសារៈសំខាន់ ដែលជួយបំពេញបន្ថែមលើ មុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង កំពង់ផែស្វយ័តភ្នំពេញ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ