នាយករដ្ឋមន្ត្រី ប្រកាសថា ខេត្តកំពត និងកែប មិនឲ្យចេញអាជ្ញាប័ណ្ណ​ធ្វើកាស៊ីណូទៀតទេ ចាប់ពីពេលនេះទៅ

កំពត៖ ខេត្តកំពត និងខេត្តកែប មិនឲ្យចេញអាជ្ញាប័ណ្ណធ្វើកាស៊ីណូទៀតទេ ចាប់ពីពេលនេះទៅ ។ នេះការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅកាន់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជា មិនអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណសម្រាប់បង្កើតកាស៊ីណូនៅក្នុងខេត្តកំពត និងខេត្តកែបទៀតនោះទេ ខណៈបច្ចុប្បន្ន នៅក្នុងខេត្ត មានកាស៉ីណូមួយនៅលើភ្នំបូកគោរួចហើយ ។ ខេត្តកំពត និងកែប ត្រូវទុកសម្រាប់បម្រើវិស័យទេសចរណ៍ ឧស្សាហកម្ម កម្មន្តសាល កសិឧស្សាហកម្ម និដឹកជញ្ជូន ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះការស្នើសុំបើកកាស៊ីណូនៅក្នុងខេត្ត គឺមិនត្រូវអនុញ្ញាតទេ ក៏ប៉ុន្តែអាចអនុញ្ញាតបាននូវតាមព្រំដែន ។ សម្តេច ថា បើចង់សុំអាជ្ញាប័ណ្ណបើកតំបន់សេដ្ឋកិច្ចពិសេស បុរី រោងចក្រ សហគ្រាសផ្សេងៗ ទើបខ្ញុំអនុញ្ញាត ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា នេះគឺជាគោលការណ៍ដែលត្រូវអនុវត្ត ហើយសូមបញ្ជាក់ទៅគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner