ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ

កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តកំពត ដែលបានគាំទ្រគម្រោងការកសាងព្រែកជីកហ្វូណនតេជោ ។ សម្តេច ថា ពលរដ្ឋខេត្តកំពត នឹងទទួលបានផលច្រើនពីព្រែកជីកហ្វូណនតេជោ ។

សម្តេចធិបតី ក៏បានបញ្ជាក់ថា ដូចដែលខ្ញុំ បានបញ្ជាក់ច្រើនដងហើយថា ព្រែកជីកហ្វូណនតេជោ ធ្វើឡើងដើម្បីផលប្រយោជន៍ខ្មែរតជំនាន់ ។ គម្រោងនេះ យើងមិនបានខ្ចីលុយអ្នកណាមកកសាងទេ គឺជាគម្រោងកសាងដោយវិស័យឯកជនក្រោមរូបភាព (BOT) កសាង ប្រតិបត្តការ និងផ្ទេរ ។ មានន័យថា ពេលវិស័យឯកជនប្រតិបត្តការហើយដល់ពេលវេលាណាមួយតាមកិច្ចព្រមព្រៀង នឹងផ្ទេរមកកាន់រដ្ឋវិញ តែសូមបញ្ជាក់ថា ក្នុងការកសាងនោះមមានវិនិយោគិនខ្មែរលើស៥០ភាគរយ ដែលគម្រោងព្រែកជីកហ្វូណនតេជោ នេះ គែមានលក្ខណៈជាតិនិយម ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ក្រុមប្រឆាំងជ្រុលនិយម តែងតែយកមកធ្វើជាប្រធានបទវាយប្រហារមកលើរាជរដ្ឋាភិបាល រឿងព្រែកជីហ្វូណនតេជោ ។ សម្តេចធិបតី ក៏បានរំលឹកដល់ប្រជាពលរដ្ឋ សូមបន្តគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោបន្តទៀត ដើម្បីផលប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏អំពាវនាវដល់ឈ្នួញទិញលក់ដី សូមកុំទៅទិញដីនៅតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ដែលនាំឱ្យរាជរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner