សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែពហុបំណងកំពត ជាកំពង់ផែកម្រិតស្តង់ដារអន្តរជាតិដំបូងមុនគេ នៅកម្ពុជា
កំពត៖ កម្ពុជា មានកំពង់ផែច្រើន តែកំពង់ផែកម្រិតស្តង់ដារអន្តរជាតិដំបូងគេ គឺកំពង់ផែពហុបំណងកំពតនេះហើយ ។ នេះការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងការចាប់ផ្តើមអភិវឌ្ឍដំបូង កំពង់ផែពហុបំណងកំពត មានឈ្មោះហៅថា កំពង់ផែអន្តរជាតិកំពត។ ប៉ុន្តែក្រោយមករាជរដ្ឋាភិបាល បានសម្រេចចេញអនុក្រឹត្យកែតម្រូវដាក់ឈ្មោះកំពង់ផែពហុបំណងកំពតវិញ ដោយសារកុំឱ្យមានការយល់ច្រឡំ ពីព្រោះកំពង់ផែនៅក្នុងប្រទេសកម្ពុជាពុំមែនមានតែ១នោះទេ ដែលជាកំពង់ផែអន្តរជាតិ។ ប្រការនេះបានប្រែក្លាយកំពង់ផែកំពតឱ្យទៅជាកំពង់ផែអន្តរជាតិដែលមានកម្រិតស្តង់ដារអន្តរជាតិទី១ មុនគេតែម្តង ។
សម្តេចធិបតី បានបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅមិនទាន់បានឈានដល់កម្រិតស្តង់ដារអន្តរជាតិនៅឡើយទេ។ ដូច្នេះក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវរៀបចំកំពង់ផែនីមួយៗ ឱ្យទៅជាកម្រិតថ្នាក់ទី 1B, 2B ទៅតាមកម្រិតអន្តរជាតិខ្ពស់បំផុត សម្រាប់ក្រុមហ៊ុន ឬកំពង់ផែឯកជន ដើម្បីឱ្យកំពង់ផែទាំងនោះ អាចទទួលការដឹកជញ្ជូនផេ្សងៗបាន ។
គួរបញ្ជាក់ថា បើទោះបីជាកំពង់ផែពហុបំណងកំពតនេះ បានបោះទុនវិនិយោគពីវិស័យឯកជន ដែលមានក្រុមហ៊ុនកំពតផត ជាអង្គភាពគ្រប់គ្រងប្រត្តិការអាជីវកម្ម និងទទួលបន្ទុកធ្វើទំនើបកម្មអភិវឌ្ឍកំពង់ផែនេះពិតមែន ក៏កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយទៅជាសរសៃឈាមដ៏សំខាន់មួយ សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា ធ្វើឱ្យប្រសើរឡើងពាណិជ្ជកម្មនិងការផ្លាស់ប្តូរទំនិញ រួមទាំងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងខេត្តកំពត ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ