អាមេរិកដាក់ទណ្ឌកម្មភាគីពាក់ព័ន្ធនឹងកម្មវិធីយន្តហោះដ្រូនអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក ក្នុងសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើអង្គភាពអ៊ីរ៉ង់ចំនួន៤ និងបុគ្គលម្នាក់ដែលគេជឿជាក់ថា មានជាប់ពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ និងផលិតយន្តហោះដ្រូន ដែលទីក្រុងវ៉ាស៊ីនតោនអះអាងថា កំពុងផ្គត់ផ្គង់ដល់រុស្ស៊ី និងក្រុមសកម្មប្រយុទ្ធនៅទូទាំងតំបន់មជ្ឈិមបូព៌ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទ ទីក្រុងវ៉ាស៊ីនតោនបានកត់សម្គាល់ថា វិធានការនេះកើតឡើងដំណាលគ្នានឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ទៅលើបុគ្គល និងអង្គភាពពាក់ព័ន្ធនៅក្នុងឧស្សាហកម្មយន្តហោះដ្រូន (UAV) របស់អ៊ីរ៉ង់។
ចំណាត់ការរបស់ក្រុងវ៉ាស៊ីនតោនធ្វើឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើបុគ្គល និងអង្គការមួយចំនួនរបស់អ៊ីរ៉ង់ និងកូរ៉េខាងជើងកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ទោះបីជាយ៉ាងណា អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់ថា ខ្លួនបានសហការជាមួយរុស្ស៊ី ក្នុងវិស័យយោធា ហើយបានទទូចថា ខ្លួនមិនមែនជាភាគីនៃជម្លោះអ៊ុយក្រែននោះទេ។
ក្រៅពីអ៊ីរ៉ង់ ប្រទេសលោកខាងលិចក៏បានចោទប្រកាន់ស្រដៀងគ្នា និងដាក់ទណ្ឌកម្មលើប្រទេសចិនផងដែរ ដោយអះអាងថា ទីក្រុងប៉េកាំងកំពុងផ្តល់ជំនួយយោធាធុនធ្ងន់ដល់រុស្ស៊ី។ ប៉ុន្តែទីក្រុងប៉េកាំងក៏បានបដិសេធ និងអះអាងថា ការចោទប្រកាន់នេះ គឺគ្មានមូលដ្ឋាន ហើយបានសង្កត់ធ្ងន់ថា ខ្លួនមិនមែនជាភាគីនៃជម្លោះអ៊ុយក្រែននោះទេ។
ដោយឡែករុស្ស៊ីក៏បានបដិសេធមិនបានប្រើប្រាស់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ ឬអាវុធប្រទេសផ្សេងទៀត។ វិមានក្រឹមឡាំងបានអះអាងម្តងហើយម្តងទៀតថា អាវុធទាំងអស់ដែលប្រើដោយយោធារុស្ស៊ីក្នុងសង្រ្គាមអ៊ុយក្រែន សុទ្ធតែផលិតក្នុងស្រុក៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា