ខ្យល់ពុលនៅវៀតណាម ទាមទារសកម្មភាពទប់ស្កាត់បន្ទាន់
ហាណូយ: សារព័ត៌មាន VNXpress បានចុះផ្សាយកាលពីថ្ងៃពុធថា បើគ្មានវិធានការដោះស្រាយផលប៉ះពាល់សុខភាពបន្ទាន់ទេ នោះការបំពុលបរិយាកាសនឹងកើនឡើងខ្លាំង ដែលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនៅក្នុងប្រទេសវៀតណាម។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ របាយការណ៍ប្រចាំឆ្នាំរបស់អង្គការតាមដានគុណភាពខ្យល់ IQAir បានកត់ឈ្មោះវៀតណាមជាប្រទេសបំពុលខ្យល់ខ្លាំងបំផុតទី២ នៅក្នុងតំបន់អាស៊ាន និងជាប្រទេសទី២២ មានគុណភាពខ្យល់អាក្រក់បំផុតនៅលើពិភពលោក។
ហាណូយជាប់ចំណាត់ថ្នាក់ទី៨ ជាទីក្រុងដែលបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក។ តួយ៉ាង ក្នុងខែមីនាឆ្នាំនេះ ប្រជាជនរស់នៅទីក្រុងហាណូយ បានជួបប្រទះត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ជាមួយនឹងគុណភាពខ្យល់កម្រិត “មធ្យម” ហើយគ្មានថ្ងៃណាមានគុណភាពខ្យល់កម្រិត “ល្អ” នោះទេ។
ប្រទេសវៀតណាមបានកើនឡើង ៩ភាគរយ នៃកម្រិតភាគល្អិតគ្រោះថ្នាក់ PM2.5 តូចៗ ដែលបង្កគ្រោះថ្នាក់នៅក្នុងខ្យល់ ដែលយើងទាំងអស់គ្នាដកដង្ហើម។ គុណភាពខ្យល់ខ្សោយ គឺមានហានិភ័យយ៉ាងខ្លាំងដល់សុខភាពមនុស្ស ទាំងនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក។
ភាគល្អិតនៃសារធាតុពុល និងជាតិពុលផ្សេងៗ អាចជ្រាបចូលទៅក្នុងសួត និងប្រព័ន្ធសរសៃឈាមបេះដូងរបស់មនុស្ស។ ផលប៉ះពាល់សុខភាពរយៈពេលខ្លី រួមមានការពិបាកដកដង្ហើម ការឆ្លងមេរោគផ្លូវដង្ហើម និងជំងឺហឺត។ ហានិភ័យសុខភាពរយៈពេលវែង រួមមានជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកសួត និងជំងឺស្ទះសួតរ៉ាំរ៉ៃ។
គួរបញ្ជាក់ថា ការបំពុលបរិយាកាសបានបណ្តាលឱ្យមនុស្សស្លាប់ប្រហែល ៧លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំ ហើយយ៉ាងហោចណាស់មានមនុស្សស្លាប់ ៧០,០០០នាក់ក្នុងមួយឆ្នាំៗនៅក្នុងប្រទេសវៀតណាម ជាមួយនឹងការកាត់បន្ថយអាយុជាមធ្យម ១.៤ឆ្នាំ៕
ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា