ក្រសួងការងារបើកទ្វាចំហ ទទួលស្វាគមន៍ដោះស្រាយករណីណាមួយកើតឡើង និងលើកឡើងដោយសហជីព
(ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយលើកឡើង ៦ចំណុច ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីព នៅកម្ពុជា និងបញ្ជាក់ថាក្រសួងការងារមិនទុកចោលករណីណាមួយដែល លើក ឡើងដោយសហជីព នោះឡើយ។
៦ចំណុចដែល ឯកឧត្តម កត្តា អ៊ន លើកឡើងនោះ រួមមាន÷ទី១ នៅកម្ពុជាមានលំហសេរីភាពសហជីពទូលំទូលាយដែលសហជីព សកម្មជនសហជីព បានប្រើប្រាស់សិទ្ធិ និងសេរីភាពខ្លួនដោយសេរី។ តាមរយៈនេះហើយ ទើបមានការបង្កើតសហជីព និងអង្គការវិជ្ជាជីវៈ ជាង ៦០០០ ។ បើមានការរិតត្បិត បំផិតបំភ័យ ធ្វើទុកបុកម្នេញសហជីពនោះ មិនមានសហជីពដ៏ច្រើនបែបនេះទេ។ ទី២ សហជីពត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដោយគោរពលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកក្នុងក្រសួងការងារ ទីដែលខ្លួនចុះបញ្ជិកា និងគោរពច្បាប់ការងារ ច្បាប់សហជីព ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអនុសញ្ញាអន្តរជាតិស្តីពីការងារនៃអង្គការពលកម្មអន្តរជាតិ(ILO) ដែលកម្ពុជាជារដ្ឋភាគី។ ទី៣ សហជីពត្រូវបម្រើផលប្រយោជន៍ពិតប្រាកដរបស់កម្មករនិយោជិត ចូលរួមចំណែកធ្វើឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ លក្ខខណ្ឌការងារសមរម្យ បង្កើនផលិតភាពនិងជំនាញដល់កម្មករនិយោជិត និងមិនធ្វើសកម្មភាពនយោបាយ ឬបម្រើនិន្នាការនយោបាយណាមួយ។ ទី៤ ក្រសួងការងារបានអនុវត្តខ្ជាប់ខ្ជួន និងទៀងទាត់ការធ្វើអធិការកិច្ចប្រចាំឆ្នាំតាមគ្រឹះស្ថាន សហគ្រាស និងអធិការកិច្ចតាមបណ្តឹង ដើម្បីពង្រឹងការអនុវត្តច្បាប់ ធានាសិទ្ធិ និងផលប្រយោជន៍គ្រប់ភាគី។ ទន្ទឹមនឹងនេះ ក្រសួងបានអនុវត្តយន្តការដោះស្រាយវិវាទការងារតាមច្បាប់ដោយមិនទុកករណីណាមួយចោលឡើយ ដើម្បីធានាបាននូវសុខដុមរមនាក្នុងគ្រឹះស្ថានសហគ្រាស ប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។ ទី៥ ការអនុវត្តច្បាប់ប្រឆាំងជនល្មើស ជាការអនុវត្តច្បាប់ក្នុងសង្គមនីតិរដ្ឋ ព្រោះកម្ពុជាជាប្រទេសប្រជាធិបតេយ្យសេរី និងនីតិរដ្ឋ។

ជនណាក៏ដោយដែលរំលោភបំពានច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ការអនុវត្តច្បាប់បែបនេះ មិនមែនជាការបំផិតបំភ័យសហជីពនោះទេ។ ជនណាក៏ដោយមិនអាចនៅក្រោមស្លាកសហជីព អង្គការសង្គមស៊ីវិល គណបក្សនយោបាយ ឬនីតិបុគ្គលនានា ប្រព្រឹត្តល្មើសច្បាប់ រួចផុតពីសំណាញ់ច្បាប់ឡើយ។
ក្នុងចំណុចទី៦ ឯកឧត្តមលើកឡើងថា ក្រសួងការងារបើកទ្វាចំហទទួលស្វាគមន៍ដោះស្រាយករណីណាមួយកើតឡើង និងលើកឡើងដោយសហជីព។ បើសហជីពពិតជាមានចេតនាពិតប្រាកដដោះស្រាយបញ្ហាជូនកម្មករនិយោជិត និងសហជីព សូមលើកករណីដែលខ្លួនយល់ថាមិនត្រឹមត្រូវមកអង្គុយដោះស្រាយជាមួយក្រសួងការងារ ជាជាងលើកឡើងនៅក្រៅឆាក និងមានរបៀបវារៈផ្សេង ៕

ដោយ ៖ ង៉ាន់ ទិត្យ