ឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ៖ ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺការលើក កម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺ ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងគោលដៅធានានូវការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅរបស់ប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង។

ការបញ្ជាក់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ ធ្វើឡើងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ប្រធានក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំដោយ លោក ពុយ គារៀបចំវេទិកាពិភាក្សាលើប្រធានបទ “អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញរបស់ក្រសួង ព្រមទាំងអ្នកសារព័ត៌មានមកពី ៥៧ អង្គភាពសារព័ត៌មានសរុបចំនួន ៩៧នាក់។

ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ អនុវត្តបេសកកម្មសំខាន់ៗ របស់ខ្លួន ចំនួនបួនគឺ៖
ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការផ្គត់ផ្គង់ទឹកស្អាត ការផ្ដល់បង្គន់អនាម័យ ការអប់រំផ្នត់គំនិត ដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងមានផាសុកភាព។
ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើត ភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិកម្មនៅតាមសហគមន៍ជនបទ ។
ទី៤. ការពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់លើ ការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជា គឺការពង្រឹងគុណភាព ៧០% និងពង្រីកវិសាលភាព ៣០% សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner