ជប៉ុននឹងហាមពលរដ្ឋផឹកស្រានៅតាមទីសាធារណៈចាប់ពីខែតុលា
តូក្យូ៖ សង្កាត់មួយក្នុងចំណោមសង្កាត់ទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ទីក្រុងតូក្យូ កំពុងចាត់វិធានការ ដើម្បីទប់ស្កាត់អាកប្បកិរិយាមិនល្អ តាមរយៈជំរុញឱ្យពលរដ្ឋផឹកស្រានៅក្នុងផ្ទះ។

វិធានការនេះ ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅក្នុងខែតុលាខាងមុខ ដែលនឹងហាមឃាត់ការផឹកស្រានៅតាមដងផ្លូវ ឬទីសាធារណៈក្នុងសង្កាត់ Shibuya ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៥ព្រឹកជារៀងរាល់ថ្ងៃ។ អាយុផឹកស្រាស្របច្បាប់នៅប្រទេសជប៉ុន គឺចាប់ពី ២០ឆ្នាំ។
សង្កាត់ Shibuya បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែតុលា ឆ្នាំ២០២៣ថា ការខូចខាតបង្កឡើងពីភ្ញៀវទេសចរ បានក្លាយទៅជារឿងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ពីព្រោះតែការផឹកស្រាតាមដងផ្លូវ, ការបង្កជម្លោះជាមួយអ្នកស្រុក និងការចោលសំរាមឥតសណ្តាប់ធ្នាប់ មានដូចជាកំប៉ុង និងដបស្រាជាដើម។
សង្កាត់ Shibuya គឺជាកន្លែងទាក់ទាញដ៏ពេញនិយមបំផុតមួយនៃទីក្រុងតូក្យូ មានដូចជាទីសក្ការបូជា Meiji, ឧទ្យាន Yoyogi និង វិថី Shibuya scramble ដែលត្រូវបានគេជឿថា ជាផ្លូវប្រសព្វដ៏មមាញឹកបំផុតរបស់ពិភពលោក។
ជប៉ុនបានកើនឡើងភ្ញៀវទេសចរយ៉ាងគំហុក ចាប់តាំងពីការបើកប្រទេសឡើងវិញទាំងស្រុងក្រោយការរាតត្បាតនៃជម្ងឺកូវីដ។ តួយ៉ាង ភ្ញៀវទេសចរជាង ៣លាននាក់បានមកទស្សនាប្រទេសជប៉ុន នៅចន្លោះខែមេសា និងខែឧសភា ឆ្នាំ ២០២៤ ដោយតួលេខនេះ ទំនងជាបន្តកើនឡើងបន្ថែមទៀតរហូតដល់រដូវក្តៅ៕ ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា