មន្ទីរពេទ្យបង្អែករមាសហែកថ្មី ផ្តល់សេវាផ្នែកវះកាត់​ជាលើកដំបូង

ស្វាយរៀង៖មន្ទីរសុខាភិបាលខេត្តស្វាយរៀងនៅថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៤នេះបានបង្ហាញវឌ្ឍនភាព និងសកម្ម​ភាពផ្តល់សេវា​ផ្នែកវះកាត់ជា​លើកដំបូងរបស់មន្ទីរពេទ្យ​បង្អែករមាសហែកថ្មី។

លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្ត​ស្វាយ​រៀងបានឱ្យដឹងថា បន្ទាប់ពីមន្ទីរសុខាភិបាល​ខេត្ត​បាន​បង្កើត​ក្រុម​ការងារសម្របសម្រួលការងារវះកាត់របស់​មន្ទីរ​ពេទ្យបង្អែករមាសហែក មន្ទីរពេទ្យនេះ​បានផ្ដល់សេវាវះកាត់ជា​លើកដំបូង​របស់​ខ្លួនបានពីរករណី ប្រកបដោយជោគជ័យ សុវត្ថិភាព និងទំនុកចិត្តខ្ពស់ជូនប្រជាពលរដ្ឋ ។ករណីទី១. វះពោះវៀនខ្នែងនិង ករណីទី២. វះពោះវៀនធ្លាក់ចូលពង​ស្វាស។

លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានឱ្យដឹងទៀតថា អគារ​មន្ទីរពេទ្យបង្អែករមាសហែកថ្មី បានកកើតឡើងក្រោមការ​ឧបត្ថម្ភពីសំណាក់​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ​បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាលចុះជួយ​មូលដ្ឋាន​ស្រុក​រមាសហែក។

សូមជម្រាបថា អគារមន្ទីរពេទ្យបង្អែកថ្មីនេះ មានទីតាំង​នៅ​ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ដោយបានបើក​ការដ្ឋាន​សាងសង់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់​ការសាងសង់ជាស្ថាពរនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ហើយ​ត្រូវបានដាក់​ឱ្យដំណើរការប្រើប្រាស់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។

មន្ទីរពេទ្យបង្អែកថ្មីនេះ មានលទ្ធភាពផ្តល់សេវាគ្របដណ្តប់លើ ១៦ឃុំ ស្មើនឹង២០៤ភូមិ ដែលមានប្រជាជនសរុប ១៥៤.​៤៥៣ នាក់ (ស្រី ៧៦,៧៦២ នាក់) ។មន្ទីរពេទ្យនេះផ្តល់សេវា​សង្គ្រោះបន្ទាន់ ជំងឺទូទៅនិងជំងឺឆ្លង របួស-វះកាត់ សម្ភព-រោគស្រ្តី ជំងឺកុមារ ពិគ្រោះជំងឺក្រៅ ពិនិត្យភ្នែកវាស់កាត់​វ៉ែនតា,សុខភាពផ្លូវចិត្តនិងបំពានគ្រឿងញៀន, សុខភាពមាត់​ធ្មេញ,​ជំងឺទឹកនោមផ្អែម​និងលើស​សម្ពាធឈាម, កន្លែងផ្តល់​ប្រឹក្សាធ្វើតេស្តឈាមរកមេរោគអេដស៍ដោយរក្សាការសំងាត់, ផ្នែកជំងឺកាម​រោគ  កម្មវិធីបង្ការ​ការចម្លង​មេរោគអេដស៍ពី​ម្តាយទៅកូន ,ព្យាបាលជំងឺឱកាសនិយម និងផ្តល់ឱសថពន្យា ,សេវាអមគ្លីនិក (វិទ្យុសាស្ត្រ អេកូសាស្ត្រ មន្ទីរពិសោធន៍,​វាស់ចង្វាក់បេះដូង)ផ្នែករដ្ឋបាលនិងឃ្លាំងឳសថ៕
ដោយ៖នុត នាង

ads banner