ក្តៅខ្លាំងប៉ះពាល់ទិន្នផលដំណាំកាហ្វេវៀតណាមធ្ងន់ធ្ងរ

ហាណូយ៖ អ្នកជំនាញបាននិយាយកាលពីថ្ងៃពុធថា គ្រោះរាំងស្ងួត រលកកំដៅ និងសត្វល្អិត បង្កឡើងពីអាកាសធាតុក្តៅ និងស្ងួត បានបន្ទុចបង្អាក់ការលូតលាស់ នៃដើមកាហ្វេរបស់ប្រទេសវៀតណាម។

ប្រធានសមាគមកាហ្វេ និងកាកាវវៀតណាម (Vicofa) លោក Nguyen Nam Hai បានប្រាប់កាសែតបារាំង AFP ថា ដំណាំគ្រាប់កាហ្វេចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៥ ការប្រមូលផលដែលចាប់ផ្តើមនៅក្នុងខែតុលា ទំនងជាធ្លាក់ចុះពី ១៥ ទៅ ២០ភាគរយ។ លោកបន្តថា រលកកំដៅ និងគ្រោះរាំងស្ងួតបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការដាំដុះ និងការលូតលាស់របស់ដើមកាហ្វេ ខណៈដែលកសិករពិបាករកប្រភពទឹកស្រោចស្រប់ដំណាំ។

ជាមធ្យមវៀតណាមផលិតកាហ្វេបានប្រហែល ១.៨លានតោនក្នុងមួយឆ្នាំ។ភាគច្រើននាំចេញជាងពាក់កណ្តាលទៅកាន់ទីផ្សារអឺរ៉ុប។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់អាមេរិក StoneX បានព្យាករណ៍ថា ទិន្នផលកាហ្វេរបស់វៀតណាមក្នុងឆ្នាំ២០២៤ ទំនងជាមានចំនួនត្រឹមតែ ១.៤លានតោនប៉ុណ្ណោះ ដែលនេះជាកម្រិតទាបបំផុតក្នុងរយៈពេល ៤ឆ្នាំ។

ប្រទេសវៀតណាម គឺជាអ្នកផ្គត់ផ្គង់គ្រាប់កាហ្វេ robusta ឈានមុខគេលើពិភពលោក ដែលជាគ្រាប់សណ្តែកប្រើនៅក្នុងផលិតផលរបស់ Nescafe និងម៉ាកយីហោផ្សេងៗទៀតនៅលើពិភពលោក។ ប៉ុន្តែបញ្ហាប្រែប្រួលអាកាសធាតុ បានបង្ហាញពីក្តីកង្វល់ដ៏ធ្ងន់ធ្ងរមួយ សម្រាប់ឧស្សាហកម្មកាហ្វេ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ គ្រាប់កាហ្វេ Robusta ត្រូវបានគេជឿថា អាចទប់ទល់នឹងសីតុណ្ហភាពក្តៅខ្លាំង បើធៀបនឹងគូប្រជែងរបស់ខ្លួន គឺគ្រាប់កាហ្វេ arabica។

ប៉ុន្តែពិភពលោកអាចនឹងប្រឈមមុខនូវការខ្វះខាតគ្រាប់កាហ្វេ robusta រហូតដល់ ៣៥លានកញ្ចប់នៅឆ្នាំ ២០៤០ នេះបើយោងតាមការស្រាវជ្រាវកាហ្វេពិភពលោក ដោយផ្អែកលើការកើនឡើងនៃនិន្នាការប្រើប្រាស់ និងផលប៉ះពាល់ពីវិបត្តិអាកាសធាតុ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ផ្ទៃដីមានជីវជាតិសម្រាប់ការដាំដុះគ្រាប់កាហ្វេ arabica នឹងធ្លាក់ចុះពាក់កណ្តាលនៅឆ្នាំ ២០៥០។ រីឯតម្លៃកាហ្វេសកលនឹងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ ២០២៤នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner