ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រារព្វខួប ១០ឆ្នាំនៃការបង្កើតបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រារព្ធខួប ១០ឆ្នាំនៃការបង្កើតបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ពិធីនេះធ្វើឡើងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងអង្គទូត តំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី បុគ្គលិកនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា គ្រឹះស្ថានបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជននានា ជាច្រើនរូប។

ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរនៅការបង្កើតគ្រឹះស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវជាន់ខ្ពស់ លើជំនាញបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលកើតចេញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញការកសាងធនធានមនុស្ស ជំនាញឌីជីថល ប្រកបដោយគុណភាព និងភាពប្រកួតប្រជែង ជាមូលដ្ឋានគ្រឹះនៅក្នុងការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងគាំទ្រដល់ការចាប់យកនៅការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ត្រូវបានបង្កើតឡើងដំបូងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃ មានឆន្ទៈនយោបាយខ្ពស់និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម ប្រាក់ សុខុន ដែលពេលនោះជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយដែលមានឈ្មោះថា វិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ។ វិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានផ្លាស់ឈ្មោះទៅជាបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីបំពេញបេសកកម្មថ្មីបន្ទាប់ពីដំណើរការនៃការធ្វើបរិវត្តកម្មនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើម ហើយក៏ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការអភិវឌ្ឍន៍តំបន់ និងពិភពលោក។ បច្ចុប្បន្ននេះ វិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានក្លាយទៅជាបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចូលរួមចំណែកដ៏សំខាន់នៅក្នុងការជម្រុញការអភិវឌ្ឍន៍ធនធានមនុស្ស ការស្រាវជ្រាវ និងនវានុវត្ត រួមនិងការបណ្តុះបណ្តាលមន្ត្រីរាជការទូទាំងប្រទេស ហើយនៅពេលអនាគត និងចាប់បន្តបណ្តុះបណ្តាលមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិបន្ថែមទៀត ។

ឯកឧត្តម ប្រាក់ សុខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមនិងថ្នាក់ដឹកនាំ បុគ្គលិកនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាទាំងអស់ ដែលខិតខំ ប្រឹងប្រែង ធ្វើឲ្យគ្រឹះស្ថានបណ្តុះបណ្តាលមួយនេះ បានចូលរួមចំណែកដ៏សំខាន់នៅក្នុងការជម្រុញការអភិវឌ្ឍន៍ធនធានមនុស្ស ការស្រាវជ្រាវ និងនវានុវត្ត រួមនិងការបណ្តុះបណ្តាល មន្ត្រីរាជការទូទាំងប្រទេស និងមានទិសដៅជាបន្តបន្ទាប់ទៀត។

ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងនៅប្រវត្តិដោយសង្ខេបនៃការបង្កើតវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយបានគូសបញ្ជាក់ថា វិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែមីនា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីឲ្យមានសាលាជំនាញ ឯកទេសជាន់ខ្ពស់មួយនៅកម្ពុជា សម្រាប់ផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន។

ឯកឧត្តម ប្រាក់ សុខុន មានសង្ឃឹមយ៉ាងម៉ុតមាំថា ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នឹងសម្រេចបាននៅបេសកកម្មថ្មីៗបន្ថែមទៀតសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យមានការរីកចម្រើន៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner