សម្ដេចតេជោ ហ៊ុន សែន៖ រយៈពេលប្រមាណ៩ខែបន្ទាប់ពីការផ្ទេរតំណែង កម្ពុជាមានស្ថិរភាពនយោបាយ សន្តិសុខ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការសម្រេចចិត្តផ្ទេរតំណែងជំនាន់ចាស់មកជំនាន់ថ្មី គឺដើម្បីសន្តិភាពរយៈពេលវែង ហើយជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេច ព្រោះថារយៈពេលប្រមាណ៩ខែបន្ទាប់ពីការផ្ទេរមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ សន្តិសុខ កំណើននៅតែបន្ត អតិផរណានៅទាប ហើយជីវភាពរស់នៅរបស់ប្រជាជននៅតែល្អប្រសើរ។ ការបញ្ជាក់របស់សម្តេចតេជោ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគោរពចំពោះសម្ដេចតេជោ និងព្រះរាជាណាចក្រកម្ពុជា ហើយក្នុងឋានៈជាអ្នកការទូតចាស់វស្សាម្នាក់នៅកម្ពុជា ឯកឧត្តម សូមថ្លែងអំណរគុណចំពោះសម្ដេចដែលបានអនុញ្ញាតឱ្យមានជំនួបនៅថ្ងៃនេះ។ ឯកឧត្តមបានបញ្ជាក់ថា ប្រជាជនរុស្ស៊ីស្គាល់សម្ដេចតេជោយ៉ាងច្បាស់ ដោយសម្ដេចតេជោបានផ្តល់នូវវិភាគទានយ៉ាងសម្បើម ចំពោះចំណងមិត្តភាពនិងកិច្ចសហការរវាងកម្ពុជានិងអតីតសហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី នាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានថ្លែងអំណរសាទរ ចំពោះសម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា និងអបអរសាទរគណបក្សប្រជាជន ដែលបានទទួលលទ្ធផលដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាស្រុក ក្រុង ខេត្ត រាជធានីនាពេលកន្លងមកនេះ ហើយលទ្ធផលនេះបានបង្ហាញពីជំនឿជឿទុកចិត្តរបស់ប្រជាជនខ្មែរភាគច្រើនលើសលប់ចំពោះគណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដ ឯកអគ្គរដ្ឋទូត បានរំឭកផងដែរថា កម្ពុជានិងរុស្ស៊ីតែងតែបញ្ជូនអ្នកសង្កេតការណ៍ទៅពិនិត្យការបោះឆ្នោតនៅប្រទេសរៀងៗខ្លួន ហើយឯកឧត្ដមបានសម្ដែងនូវការកោតសរសើរ និងអរគុណចំពោះទំនាក់ទំនងដ៏ល្អប្រសើរនេះ។ ឯកឧត្ដមបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី មានទំនាក់ទំនងមិត្តភាពជិតស្និទ្ធនិងប្រវត្តិយូរអង្វែងរយៈពេល៦៨ឆ្នាំហើយ។ រុស្ស៊ីកំពុងតែខិតខំព្យាយាមដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបង្ហាញថា ឯកឧត្ដម នឹងខិតខំធ្វើយ៉ាងណាក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទំនាក់ទំនងរវាងក្រុមមិត្តភាពរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងរីកចម្រើនជាលំដាប់។ ពាកព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច ឯកឧត្តមបានសង្កេតឃើញថា ទំហំពាណិជ្ជកម្មយើងនៅតូចនៅឡើយ ដោយ ឯកឧត្ដម បញ្ជាក់ថាក្រុមហ៊ុនរុស្ស៊ីមួយចំនួន កំពុងតែស្វែងរកដៃគូរបស់ខ្លួនហើយកំពុងតែធ្វើការជាមួយនឹងសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីវិនិយោគនៅកម្ពុជា។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ទាក់ទងនឹងបញ្ហាបំណុល ការចរចាគឺមានជំហានទៅមុខជាវិជ្ជមាន។ ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានរំឭកផងដែរថា ក្នុងរយៈពេលកន្លងមកនេះ សហព័ន្ធរុស្ស៊ីបានជួយកសាងសេដ្ឋកិច្ចនៅកម្ពុជា ហើយក៏មាននូវកិច្ចសហប្រតិបត្តិការជាច្រើនទាក់ទងនឹងបញ្ហាបច្ចេកទេស។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ សហព័ន្ធរុស្ស៊ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនទៅបំពេញការសិក្សានៅប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនោះ រុស្ស៊ីក៏បានរៀបចំឱ្យមានជាទស្សនកិច្ចរបស់យុវជនក្មេងៗបានទៅទស្សនកិច្ចនៅប្រទេសរុស្ស៉ីផងដែរ។ នៅលើវេទិការអន្តរជាតិ ឯកឧត្ដម បានរំឭកថា កម្ពុជានិងរុស្ស៊ីបានជួយគ្នា និងសម្របសម្រួលគ្នានៅលើយន្តការអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងតំបន់ ហើយសូមអរគុណកម្ពុជាក្នុងតួនាទីជាអ្នកសម្របសម្រួលរវាងអាស៊ាននិងរុស្ស៊ី ក្នុងការជួយពង្រឹងភាពជាដៃគូសន្ទនារបស់រុស្ស៊ីនៅក្នុងអាស៊ានផងដែរ។

ពាក់ព័ន្ធវិស័យទេសចរណ៍ ឯកឧត្តមបានលើកឡើងថា ចំនួនភ្ញៀវទេសចររុស្ស៊ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានធានាសុវតិ្ថភាពភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ជាពិសេសភ្ញៀវទេសចររុស្ស៉ី។ ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានរំឭកផងដែរ កម្ពុជាជាមិត្តចាស់ មិត្តគួរឱ្យទុកចិត្ត ជាដៃគូដ៏ល្អ និងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកនូវទំនាក់ទំនងដែលមានសក្តានុពល និងជំរុញដល់កិច្ចសហការដើម្បីអភិវឌ្ឍន៍ និងដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងសេចក្តីរីករាយ ដែលបានជួបឯកឧត្តម អគ្គរដ្ឋទូតជាលើកទី២ ក្នុងឱកាសនេះ ក្នុងនាមជាប្រធានព្រឹទ្ធសភា។ សម្ដេចតេជោ បានអបអរសាទរ ឯកឧត្តម ប្រធានាធិបតី វ្លាដឺមៀរ ពូទីន (Vladimir Putin) ដែលបានជាប់ឆ្នោតសាជាថ្មី ដោយសម្ដេចតេជោ បានចាត់ទុកវាជាស្នូលនៃស្ថានភាពនយោបាយបច្ចុប្បន្ននេះ។ សម្ដេចបានលើកឡើងថា ក្នុងរយៈពេល៦៨ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គណបក្សប្រជាជន និងសម្ដេចតេជោ ស្ថិតនៅក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្តី បានគ្រប់គ្រងអស់រយៈពេលប្រមាណ៤៥ឆ្នាំ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអរគុណចំពោះជំនួយសព្វបែបយ៉ាងរបស់សហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី ដែលបានជួយកម្ពុជានៅពេលដែលកម្ពុជាទើបរំដោះបានពីរបបខ្មែរក្រហម។ លើទំនាក់ទំនងសហប្រតិបត្តិការដទៃទៀត សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ សូមឱ្យជំរុញនូវអ្វីដែលអាចធ្វើទៅបាន ជាពិសេស សូមឱ្យរុស្ស៊ីយកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ ពីព្រោះសម្ដេចតេជោ បានចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ីមកកាន់ប្រទេសកម្ពុជាហើយ ហើយក៏ជំរុញការដោះស្រាយបំណុលដែលរង់ចាំជាយូរមកហើយនោះ ឱ្យបានឆាប់រួសរាន់ផងដែរ។

ជាចុងក្រោយ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានសម្ដែងការគោរពដ៏ជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតចំពោះសម្ដេចតេជោ ហើយគូសបញ្ជាក់ថា រុស្ស៊ីគឺជាមិត្តភក្តិយូរអង្វែង និងជានិច្ចកាលនៅជាមួយកម្ពុជានៅពេលលំបាក ហើយរុស្ស៊ីនឹងមិនជ្រៀតជ្រែកលើកិច្ចការរបស់ប្រទេសកម្ពុជានោះទេ។ កិច្ចពិភាក្សាបានបញ្ចប់ ក្នុងបរិយាកាសរីករាយដោយ សម្ដេចតេជោ និងឯកឧត្ដមឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាប្រកបដោយភាពស្មោះត្រង់ និងត្រង់ទៅត្រង់មក និងផ្លាស់ប្ដូរយោបល់គ្នា ក្នុងស្មារតីមិត្តភាព និងភាពកក់ក្តៅ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner