ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងភារកិច្ចការងារប្រវត្តិសាស្ត្រយោធា

កំពង់ធំៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំពិនិត្យ និងពង្រឹងការអនុវត្តភារកិច្ចការងារប្រវត្តិសាស្ត្រយោធា នៅអគារសារមន្ទីរប្រវត្តិសាស្រ្តយោធាបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រ និងប្រវត្តិសាស្ត្រយោធារាយការណ៍ដល់អង្គប្រជុំ អំពីកិច្ចការ អនុវត្តសម្រេចភារកិច្ច តាមផែនការដែលថ្នាក់លើ និងផែនការមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ជូន ។លោកក៏បានបញ្ជាក់ជូនអំពីភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្ត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន កោតសរសើរ ក្រុមការងារប្រវត្តិសាស្ត្រយោធា មេបញ្ជាការ គ្រប់បណ្ដាអង្គភាព នាយការិយាល័យ និងស្ថាប័នពាក់ព័ន្ធ ដែលបានរួមគ្នាបំពេញភារកិច្ច ក្នុងការងារប្រវត្តិសាស្ត្រយោធា ទទួលបានជោគជ័យ និងបានបញ្ជាក់អំពីលទ្ធផលធំៗមួ ដែលអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តសម្រេចបាន ក្នុងការងារប្រវត្តិសាស្រ្តយោធា ដើម្បីជាភស្តុតាងប្រវត្តិសាស្ត្រ សម្រាប់អ្នកជំនាន់ក្រោយ មានជាអាទិ៍ បានកសាងសារមន្ទីរប្រវត្តិសាស្ត្រយោធា មួយខ្នងតាមរចនាបទខ្មែរ សម្រាប់តម្កល់ឯកសារ និងសម្ភារៈផ្សេងៗ ដែលបន្សល់ទុកពីសម័យសង្គ្រាម និងបានកសាងវិមានរំលឹកគុណយុទ្ធជនពលី ព្រមទាំងបានរៀបចំសោភ័ណភាពផ្នូរសពកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីជាការដឹងគុណ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច ក្នុងការរៀបចំឯកសាររូបភាពតឹកតាងការងារប្រវត្តិសាស្ត្រយោធា ដើម្បីទុកជាប្រវត្តិសាស្ត្រនៅស្ដូបអនុស្សាវរីយ៍ឈ្នះឈ្នះ ទិសអន្លង់វែង ខេត្តឧត្តរមានជ័យ និងការសហការជាមួយរដ្ឋបាលខេត្ត ក្នុងការកសាងសួនតេជោសន្តិភាព ដោយមានការរៀបចំចម្លាក់ជាប្រវត្តិសាស្រ្ត ក្នងការងារយោធា នាសម័យសង្គ្រាម និងការអភិវឌ្ឍក្រោយការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុនសែន៕
ដោយៈប៊ុន រដ្ឋា

ads banner