រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៤

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤បានរៀបចំពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែប្រែ គុណភាពដី រហោស្ថានកម្ម និងភាពធន់ នឹងគ្រោះរាំងស្ងួត» ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ។ពិធីបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាខេត្តព្រះវិហារ ។

អភិបាលខេត្តព្រះវិហារ ឯកកឧត្តម គីម រិទ្ធី បានថ្លែងថា ការប្រារព្ធទិវាបរិស្ថានជាតិ នាឱកាសនេះ គឺចង់បង្ហាញនូវសារៈសំខាន់ នៃការចូលរួមរបស់យើងទាំងអស់គ្នា ដែលជាប្រជាជនកម្ពុជា ក្នុងការស្រឡាញ់ទឹកដី ស្រឡាញ់បរិស្ថានធម្មជាតិ ស្រឡាញ់ភាពស្រស់បំព្រងនៃធម្មជាតិ និងចូលរួមថែរក្សាការពារទាំងអស់គ្នា ដើម្បីឱ្យប្រទេសរបស់យើង ដែលជាប្រទេសសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ នៅតែរក្សាភាពបៃតង និងស្រស់ស្អាតជានិច្ច។ ឯកឧត្តមបន្តថា ទិវានេះនឹងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការផ្តួចផ្តើម ធ្វើសកម្មភាពមេត្រីបរិស្ថាន ចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ដោយមិនបោះចោលពាសវាលពាសកាលនៅទីសាធារណៈ ជាហេតុមិនធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពប្រទេសកម្ពុជាយើង ។

ជាមួយគ្នានោះ ឯកឧត្តម គីម រិទ្ធី បានធ្វើការរំលឹកដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវសហការប្រើប្រាស់វិធានការសរុប កម្លាំងសរុប ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជលផល ព្រៃឈើ ការទន្ទ្រានដីព្រៃខុសច្បាប់ឱ្យបានជាប់ជាប្រចាំ និងម៉ឺងម៉ាត់បំផុត។ចូលរួមរៀបចំសកម្មភាព និង បំផុសចលនាការដាំដើមឈើឱ្យច្រើននៅតាមទីសាធារណៈ តំបន់ការពារ តំបន់អភិរក្ស និងទី កន្លែងផ្សេងៗ ដើម្បីរក្សានូវគម្របព្រៃឈើ ទប់លំនឹងនៃការប្រែប្រួលអាកាសធាតុស្របតាម ទិស ដៅអាទិភាព នៃការបង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងការអភិរក្សជីវចម្រុះប្រកបដោយចីរភាព នឹងចូលរួមអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ក្នុងការដាំដើមឈើយ៉ាងតិច មួយលានដើម ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤។

សូមជម្រាបថា ពិធីខាងលើក៏មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ៕

ដោយៈសួន លីណា

ads banner