សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែពហុបំណងកំពត នឹងជួយបង្កើនសសៃឈាមសេដ្ឋកិច្ចជាតិ (Video Inside)

កំពង់ផែពហុបំណងកំពតតម្លៃ ១ពាន់ ៥០០លានដុល្លារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៦មិថុនា ដែលជាកំពង់ផែក្នុងចំណាត់លំដាប់អន្តរជាតិខ្ពស់បំផុតមួយរបស់កម្ពុជា។ ពិធីសម្ពោធកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពតផត ស្ថិតនៅក្នុងភូមិគីឡូ១២ ក្នុងក្រុងបូកគោ បានប្រព្រឹត្តក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។

កំពង់ផែពហុបំណងកំពត គឺជាកំពង់ផែសមុទ្រទឹកជ្រៅមួយទៀតរបស់កម្ពុជា ដែលមានសមត្ថភាពអាចឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦ម៉ឺនតោន ដល់ ១០ម៉ឺនតោន អាចចូលសំចតបាន។

សម្តេចធិបតីបានចាត់ទុកថា កំពង់ផែពហុបំណងកំពតនេះ នឹងក្លាយជាសសៃឈាមសេដ្ឋកិច្ចមួយថ្មីទៀត ជាមួយនឹងចក្ខុវិស័យនាំប្រទេសកម្ពុជា ឱ្យធ្វើដំណើរចាកចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាប។

កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅក្នុងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។

កំពង់ផែនេះ មានវិសាលភាពលើផ្ទៃដីគោកទំហំ ២០៧ហិកតា និងលើផ្ទៃទឹក ៦៧៨ហិកតា។ វិសាលភាពដែនគោក គឺជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផត រីឯក្នុងដែនទឹកវិញ គឺជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានសម្បទានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផត គ្រប់គ្រងថែទាំ និងប្រើប្រាស់សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ ឬកន្លែងនាវាចូលចេញ ផ្ទេរផ្ទុកទំនិញ នៅក្នុងកំពង់ផែនោះ៕

ads banner