សម្តេចតេជោ ហ៊ុន សែន៖ គណនីហ្វេសប៊ុកឈ្មោះ កុមារទេព មិនមែនជារបស់សម្តេចទេ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធថា គណនីហ្វេសប៊ុកឈ្មោះ កុមារទេព មិនមែនជារបស់សម្តេចទេ។ តាមរយៈបណ្តាញសង្គមសម្តេចតេជោ ហ៊ុន សែន បានសរសេរថា “ខ្ញុំហ៊ុន សែន សូមបញ្ជាក់ថា Facebook ឈ្មោះកុមារទេពនេះ មិនមែនជារបស់ខ្ញុំទេ។ សូមអ្នកប្រើប្រាស់ឈប់តាំងខ្លួនជារូបខ្ញុំ បង្ហោះសកម្មភាពខ្ញុំ និងគ្រួសារខ្ញុំ តទៅទៀត។”
ចំណែកម្ចាស់គណនីហ្វេសប៊ុក កុមារទេព បានសរសេរសុំការអភ័យទោសពីសម្តេចតេជ ហ៊ុន សែន ដែលខ្លួនបានតែងតែប្រើប្រាស់រូបភាពរបស់សម្តេចតេជោពុក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រាបុត្រី របស់សម្តេចមកផុស។ គណនីហ្វេសប៊ុក កុមារទេព បានសរសេរថា ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
ខ្ញុំបាទជាម្ចាស់គណនី សូមគោរពសុំការអភ័យទោស ដែលបានតែងតែប្រើប្រាស់រូបភាព របស់សម្តេចតេជោពុក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង បុត្រាបុត្រី របស់សម្តេចមកផុស ដោយហេតុជាការគោរព ស្រលាញ់ក្រុម គ្រួសារសម្តេចពុក ដែលជាស្ថាបនិកនៃសុខសន្តិភាព ជាភាពកក់ក្តៅ នៃបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់នៃសន្តិភាព។ ខ្ញុំសូមសន្យាថានឹងមិនប្រើប្រាស់រូបថត សម្តេចពុក សម្តេចម៉ែ និងបុត្រាបុត្រីរបស់សម្តេចមកបង្ហោះលើអាខោនហ្វេសបុកនេះតទៅទៀតឡើយ។
សូមសម្តេចពុក សម្តេចម៉ែ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។
ដោយ៖ពលជ័យ