គំនិតច្នៃប្រឌិតចក្រាវិស័យបរិស្ថានរបស់និស្សិតសាកលវិទ្យាល័យ ឈ្នះក្នុងកម្មវិធី Sustainathon ប្រចាំឆ្នាំទីពីររបស់ ហ៊ិននីគែន ខេមបូឌា

ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា (GIZ Cambodia) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានប្រារព្ធពិធីអបអរសាទរអ្នកឈ្នះក្នុងកម្មវិធី Sustainathon ប្រចាំឆ្នាំលើកទីពីររបស់ខ្លួនក្នុងសប្តាហ៍នេះ។ ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យក្នុងការអភិវឌ្ឍដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់អនាគតប្រកបដោយនិរន្តរភាព ដែលក្រុមចំនួនបីទទួលបានជ័យជំនះសម្រាប់គម្រោងឆ្នើមរបស់ពួកគេ ដែលគម្រោងទាំងនោះផ្តោតលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។


ក្រុម «Eco-brew» ទទួលបានជ័យលាភីជើងឯកសម្រាប់គម្រោងរបស់ពួកគេ ក្នុងការបំប្លែងផ្លែស្វាយដែលច្រើនលើសតម្រូវការក្នុងស្រុកទៅជាដុំស្ករ ដែលមានគោលបំណងជួយគាំទ្រដល់អាជីវកម្មក្នុងស្រុក និងរួមចំណែកដល់ការបង្កើនការប្រើប្រាស់ឡើងវិញ។ ក្រុម «Refuel» ទទួលបានតំណែងជើងឯករងទីមួយជាមួយនឹងវិធីសាស្រ្តរបស់ពួកគេ ក្នុងការធ្វើគ្រាប់ធញ្ញជាតិដែលបានប្រើប្រាស់រួចធ្វើជាម្សៅ ដើម្បីកាត់បន្ថយកាកសំណល់ និងផលប៉ះពាល់បរិស្ថាន។ រង្វាន់ជ័យលាភីលេខ២ បានទៅលើក្រុម «INKABLE» សម្រាប់ទឹកថ្នាំដែលមិនប៉ះពាល់ដល់បរិស្ថានរបស់ពួកគេ ដែលផលិតចេញពីប្រេងឆា និងសារធាតុពណ៌ធម្មជាតិ ដែលចម្រាញ់ពីរុក្ខជាតិដោយប្រើប្រាស់ការបំប្លែងថាមពលស្អាត។


នៅឆ្នាំនេះ កម្មវិធី HEINEKEN Sustainathon បានយកចិត្តទុកដាក់លើប្រធានបទបរិស្ថាន ដែលផ្តោតលើការបង្កើនការប្រើប្រាស់ឡើងវិញដែលស្របតាមមហិច្ឆតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» រយៈពេលវែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលប្រារព្ធខួបគម្រប់ ៣០ ឆ្នាំរបស់ក្រុមហ៊ុននៅឆ្នាំនេះ។ មហិច្ឆតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» មានគោលបំណងចូលរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ បរិស្ថាន សង្គម និងការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ។ ក្រុមហ៊ុនយល់ឃើញថា ដំណោះស្រាយការបង្កើនការប្រើប្រាស់ឡើងវិញប្រកបដោយប្រសិទ្ធភាពទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ដូច្នេះ កម្មវិធីនេះ លើកកម្ពស់ការច្នៃប្រឌិតប្រកបដោយនិរន្តរភាពតាមរយៈភាពជាដៃគូ និងសកម្មភាពរួម។


កម្មវិធី Sustainathon បានទាក់ទាញបេក្ខជនចូលរួមជាង ២២០ នាក់ដោយមាន ២៧ ក្រុមដែលមានសមាជិកជាង ១០០ នាក់។ ការប្រកួតប្រជែងនេះ មានបួនដំណាក់កាល៖ ការពិភាក្សាស្វែងរកគំនិត (Hatch), កម្មវិធី Hackaton (Hack-fest), ជំរុំពិភាក្សា (Boothcamp) និង កម្មវិធី Final Pitch។ នៅជុំចុងក្រោយ មានក្រុមចំនួន ១០ បានចូលរួមប្រកួតដោយមានការបណ្តុះបណ្តាលពីអ្នកជំនាញតំណាងមកពី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង អង្គការ GIZ ។ កម្មវិធីនេះ ដំណើរការដោយមានសុន្ទរកថាបើកពី ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។


គណៈកម្មាធិការកម្មវិធីរួមមាន លោកបណ្ឌិត ស្រ៊ុន សុវីឡា នាយកមជ្ឈមណ្ឌលជាតិបណ្ដុះធុរៈកិច្ចថ្មីនៃកម្ពុជា (NICC) លោក Florian Schmidt ទីប្រឹក្សាគ្រប់គ្រងកាកសំណល់ និងចក្រាវិស័យបរិស្ថានមកពីអង្គការ GIZ លោកស្រី Kavitha Panicker អ្នកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងលោកស្រី ហ៊ុន ស្រីមុំ សាស្ត្រាចារ្យផ្នែកវិស្វកម្ម និងបច្ចេកវិទ្យាចំណីអាហារមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


លោក Frank Jutke ប្រធានក្រុមផ្នែកអាស៊ាននៃអង្គការ GIZ បានមានប្រសាសន៍ថា៖ «វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់និស្សិតចំពោះសេដ្ឋកិច្ចបៃតង និងគោលគំនិតចំពោះនិរន្តភាពសេដ្ឋកិច្ចបង្ហាញពីសក្តានុពលនៃផលប៉ះពាល់លើពិភពពិត។ តាមរយៈការរួមបញ្ចូលគំនិតទាំងនេះ ទៅក្នុងគម្រោង និងគំនិតអាជីវកម្ម និសិត្យទាំងអស់ មិនត្រឹមតែជំរុញឱ្យគេបានសិក្សារៀនសូត្របន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះស្មារតីពួកគេឱ្យចេះដឹកនាំការងារនេះឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព និងកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាភាពថែមទៀត»។


លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «យើងពិតជាមានការរំភើបចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងបង្ហាញរបស់និសិត្យទាំងអស់។ ការខិតខំប្រឹងប្រែង និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ ឆ្លុះបញ្ចាំងពីអនាគតដ៏ភ្លឺស្វាងនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា។ យើងពិតជារំភើប ចំពោះសក្តានុពលនៃអ្នកដឹកនាំជំនាន់ក្រោយនេះណាស់។ កម្មវិធី Sustainathon មិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ការចូលរួមជាមួយអ្នកច្នៃប្រឌិតនាពេលអនាគត និងអ្នកដឹកនាំជាមួយដៃគូឧស្សាហកម្មសំខាន់ៗ។ យើងជឿជាក់ថា មានតែការធ្វើការងារជារួមគ្នាតែប៉ុណ្ណោះ ទើបយើងអាចបង្កើតផលវិជ្ជមាន និងតម្លៃសម្រាប់អ្នកប្រើប្រាស់ សហគមន៍ និងពិភពលោករបស់យើង»។


លោកស្រី Kavitha Panicker អ្នកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍បន្ថែមថា៖ «ក្រុមសិស្សនិសិត្យទាំងអស់ បានធ្វើឱ្យយើងចាប់អារម្មណ៍ជាមួយនឹងឆន្ទៈ និងការសហការគ្នារបស់ពួកគេ។ កម្មវិធី Sustainathon ឆ្នាំនេះបានបំផុសគំនិតអ្នកចូលរួមឱ្យបង្កើនការបង្កើត និងភាពច្នៃប្រឌិត ហើយធានាថា ដំណោះស្រាយដែលបានស្នើឡើងរបស់ពួកគេត្រូវបានរចនាឡើង ដើម្បីប្រើប្រាស់ឡើងវិញបានយូរតាមដែលអាចធ្វើទៅបានក្នុងគោលបំណង កាត់បន្ថយកាកសំណល់ និងកាត់បន្ថយការប្រើប្រាស់ធនធាន។ យើងជឿថា អ្នកគ្រប់គ្នាដែលបានចូលរួមគឺជាអ្នកឈ្នះ ហើយយើងទន្ទឹងរង់ចាំកម្មវិធី HEINEKEN Sustainathon បន្តបន្ទាប់ទៀត»៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner