ហុងកុងចាត់វិធានការក្តៅហាមឃាត់បារីអេឡិចត្រូនិកគ្រប់ប្រភេទ
ហុងកុង៖ ទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសផែនការថ្មីមួយ ស្តីពីការហាមឃាត់បារីអេឡិចត្រូនិចគ្រប់ប្រភេទ ដោយលើកឡើងពីភាពចាំបាច់នៃតម្រូវការ ក្នុងការបញ្ចេញសកម្មភាព និងផលប៉ះពាល់នៃផលិតផលនេះ ទៅលើសុខភាពរបស់យុវជន។
សេចក្តីប្រកាសនេះធ្វើឡើង ក្រោយរយៈពេលប្រហែលពីរឆ្នាំដែលទីក្រុងហុងកុងបានចេញបំរាមហាមឃាត់ការនាំចូល ផលិត និងលក់បារីអេឡិចត្រូនិច ក៏ដូចជាផលិតផលម៉ាស៊ីនថ្នាំជក់។
រដ្ឋមន្ត្រីសុខាភិបាលក្រុងហុងកុង លោក Lo Chung-mau បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា យើងនឹងហាមឃាត់ទាំងស្រុង នូវរាល់ជម្រើសផលិតផល សម្រាប់ជក់ជំនួសបារីទាំងអស់ ដោយសំដៅលើបារីអេឡិចត្រូនិច។
កន្លងមក អាជ្ញាធរហុងកុងបានចេញបម្រាបហាមឃាត់ផលិតផលបារីអេឡិចត្រូនិចសម្រាប់គោលបំណងពាណិជ្ជកម្មរួចហើយ ហើយសំណើដែលប្រកាសនៅថ្ងៃព្រហស្បតិនេះ នឹងពង្រីកការហាមឃាត់បន្ថែមទៀតដល់អ្នកទិញលក់រាយ ទោះបីជាពួកគេមានបំណងប្រើប្រាស់បារីប្រភេទនេះ ជាលក្ខណៈឯកជនក៏ដោយ។
ស្ថិតក្រោមច្បាប់ដែលមានស្រាប់ អ្នកណាម្នាក់នៅក្នុងទីក្រុងហុងកុង ដែលនាំចូលបារីអេឡិចត្រូនិច អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានដុល្លារហុងកុង ឬប្រហែល ២៥៦,០០០ដុល្លារ ខណៈដែលអ្នកលក់ និងអ្នកផលិតអាចជាប់គុករហូតដល់ ៦ខែ។
ទន្ទឹមនេះ អាជ្ញាធរហុងកុងសង្ឃឹមថា នឹងអាចកាត់បន្ថយអត្រាកើនឡើងនៃការជក់បារីមកត្រឹម ៧,៨ភាគរយនៅឆ្នាំក្រោយ ពោលគឺធ្លាក់ចុះពី ៩,១ ភាគរយកាលពីឆ្នាំ ២០២៣។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា កាលពីឆ្នាំមុនមានប្រទេសចំនួន៣៤ បានប្រកាសហាមឃាត់ការលក់បារីអេឡិចត្រូនិច ខណៈដែលប្រទេស ៨៧ផ្សេងទៀតបានចេញច្បាប់ពេញលេញ ឬជាផ្នែកក្នុងការគ្រប់គ្រងផលិតផលបារីអេឡិចត្រូនិច៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា