លោក Zelensky ទៅដល់កាតា ជជែកពីការពីរំដោះកុមារអ៊ុយក្រែន ពីរុស្ស៊ី

បរទេស៖ លោក Volodymyr Zelensky ប្រធានាធិបតីនៃអ៊ុយក្រែនបានទៅដល់ប្រទេសកាតា ពិភាក្សាជាមួយព្រះមហាក្សត្រប្រទេសកាតា អំពីការវិលត្រឡប់របស់ក្មេងៗ អ៊ុយក្រែន ពីប្រទេសរុស្ស៊ី និងបញ្ហាផ្សេងៗទៀត។

ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣មក ប្រទេសកាតាបានជួយនាំយកកុមាររាប់សិបនាក់ ដែលត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី ត្រលប់ទៅអ៊ុយក្រែនវិញ អំឡុងពេលសង្រ្គាម រយៈពេលជាង២ឆ្នាំ មកនេះ។

ក្នុងពេលជួបព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al-Thani កាលពីថ្ងៃពុធ លោក Zelensky បាននិយាយថា «ការពិភាក្សាគ្នា ផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់កាតា ជួយដល់អ៊ុយក្រែន ក្នុងការបញ្ជូនមកវិញ នូវកុមារ ដែលត្រូវបានចាប់ពង្រត់ ដោយរុស្ស៊ី»។

ជាមួយគ្នានេះ លោក Zelensky បាននិយាយថា ប្រទេសកាតាបានដើរតួនាទីយ៉ាងសកម្ម ក្នុងការរៀបចំកិច្ចប្រជុំកំពូលស្តីពីអ៊ុយក្រែន នាពេលខាងមុខ ក្នុងប្រទេសស្វីស ហើយទីក្រុង Kyiv សង្ឃឹមថា ការវិលត្រឡប់របស់ក្មេងៗ អ៊ុយក្រែន នឹងក្លាយជារបៀបវារៈសំខាន់មួយ។

លោក Zelensky ក៏បាននិយាយផងដែរថា លោកក៏ពិភាក្សាអំពីបញ្ហាទាក់ទងនឹងសេដ្ឋកិច្ច និងសន្តិសុខ អំឡុងដំណើរទស្សនកិច្ចរបស់លោក នៅក្នុងប្រទេសកាតា លើកនោះផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner