សាលី អូម៉ើត៖ លក្ខខន្តិកៈ និងបទបញ្ជាការប្រកួតម៉ូតូទឹក Asian Championship មិនខុសពី World Series ទេ

(អូសាកា)៖ គណកម្មការបច្ចេកទេសព្រឹត្តការណ៍ប្រកួតម៉ូតូទឹក Asian Championship 2024 បានធ្វើការប្រជុំបច្ចេកទេសទាក់ទងនឹងលក្ខខន្តិក និងបទបញ្ជាការប្រកួតជូនដល់កីឡាករលើវិញ្ញាសា Endurance Open មុនការប្រកួតនារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានប្រកួត Nishikinohama Park នាទីក្រុងអូសាកា ប្រទេសជប៉ុន។

លោក សាលី អូម៉ើត អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានឱ្យដឹងថា ការប្រជុំបច្ចេកទេសខាងលើសំខាន់ផ្តោតលើផ្លូវប្រណាំង កន្លែងដែលហាមឃាត់ ពេលវេលា និងវត្តមានកីឡាករ ហើយប្រសិនបើមិនចូលរួមប្រជុំគណកម្មការនឹងដកឬកាត់ពិន្ទុ។ អគ្គលេខាធិការខាងលើ លើកឡើងដដែលៗថា យើងរំពឹងខ្ពស់ថានឹងទទួលបានមេដាយ ប្រសិនបើម៉ូតូទឹកមិនមានបញ្ហាបច្ចេកទេស ពីព្រោះការប្រកួតលើវិញ្ញាសា Endurance Open ផ្តោតសំខាន់លើភាពធន់កីឡាករ និងម៉ាស៊ីន ហើយបើកីឡាករណាប្រណាំងបានច្រើនជុំជាងគេ ក្នុងថេរៈវេលា៤៥នាទីនោះទទួលបានពានតែម្តង ក្នុងចំណោម២ដំណាក់កាល។

សាលី ហ្វីលីន រហ័យនាម Golden Boy បង្ហាញបារម្មណ៍ថា រំពឹងខ្ពស់តែ១វិញ្ញាសា គឺវិញ្ញាសា Expert Runabout 1100 Stock ខណៈ ២វិញ្ញាសាផ្សេងទៀត គឺវិញ្ញាសា Endurance Open និងវិញ្ញាសា Pro Am Runabout 1100 Open មិនសូវរំពឹងទេណាមួយកីឡាករខ្លាំងៗច្រើន ដូចជា ថៃ ម៉ូតូទឹកគេក៏ថ្មីកែច្នៃដំឡើងកម្លាំងក៏ខ្លាំងដែរ តែនឹងប្រឹងប្រែងអោយអស់សមត្ថភាព ដើម្បីស្វែងរកមេដាយជូនកម្ពុជា។

គួររម្លឹកថា ព្រឹត្តការណ៍ប្រណាំងម៉ូតូទឹក World Water Jet Ski Series ឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក កីឡាករ សាលី ហ្វីលីន ដណ្តើមបានមេដាយសរុប៥គ្រឿង មាស២ ប្រាក់២ និងសំរិទ្ធ១គ្រឿង។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូទឹក Asian Championship 2024 លើវិញ្ញាសា Endurance Open កីឡាករកម្ពុជា សាលី ហ្វីលីន នឹងត្រូវប្រកួតជាមួយកីឡាករ មកពី១៧ប្រទេស។ ខខណៈវីរៈកីឡាករ សាលី អូម៉ើត ,មីន ម៉ូស្តាន់ ,កៃវ៉ាន់ ស៊ីដែន និងមីន ម៉ូស្តាន់ ត្រូវធ្វើការប្រកួតនៅថ្ងៃទី០៨ស្អែកនេះ ៕

អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner