អត្រាគ្មានការងារធ្វើនៅហ្វីលីពីនកើនឡើង ៤ភាគរយ ក្នុងខែមេសា

ម៉ានីល: អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) កាលពីថ្ងៃព្រហស្បតិ បានឱ្យដឹងថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៤ភាគរយនៅក្នុងខែមេសា តួលេខនេះកើនលើសខែមីនា ដែលមានត្រឹម ៣.៩ភាគរយនៅក្នុងខែមីនា។

ប្រធានអាជ្ញាធរស្ថិតិហ្វីលីពីន (PSA) លោក Dennis Mapa បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា មានប្រជាជនហ្វីលីពីនគ្មានការងារធ្វើចំនួន ២.០៤លាននាក់នៅក្នុងខែមេសា ឆ្នាំ២០២៤នេះ។ លោក Mapa បាននិយាយថា តួលេខអ្នកគ្មានការងារធ្វើនេះ ទាបជាងចំនួន ២.២៦លាននាក់កាលពីខែមេសា ឆ្នាំ ២០២៣ និង ២.១៥លាននាក់ក្នុងខែមករា ឆ្នាំ ២០២៤។

លេខាធិការអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ ហ្វីលីពីន លោក Arsenio Balisacan បាននិយាយថា អត្រាគ្មានការងារធ្វើនៅខែមេសាឆ្នាំនេះ គឺទាបជាង ៤.៥ភាគរយ ដែលបានកត់ត្រាក្នុងខែមេសា ឆ្នាំ ២០២៣។ លោក Balisacan បន្តថា ការជំរុញហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់រដ្ឋាភិបាល ត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសនៅក្នុងវិស័យអាទិភាពមួយចំនួន ដូចជាថាមពល ភស្តុភារ និងទេសចរណ៍ជាដើម។

លោក Balisacan បន្ថែមថា រដ្ឋាភិបាលក៏នឹងស្វែងរកឱកាស សម្រាប់កំណើនការងារប្រកបដោយគុណភាពនៅក្នុងវិស័យរុករករ៉ែ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមាន ដើម្បីអភិវឌ្ឍសកម្មភាពបន្ថែមតម្លៃ ដូចជាការកែច្នៃរ៉ែជាដើម៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner