អាជ្ញាកណ្តាលត្រូវតែអភិវឌ្ឍចំណេះដឹង ដើរឱ្យទាន់ការវិវឌ្ឍនៃប្រភេទកីឡា
(ភ្នំពេញ)៖ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមាហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានថ្លែង នៅក្នុងពិធីវគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិ កីឡាសហ្វតិន្នីស នាព្រឹកថ្ងៃទី៧ ខែ កក្តដា ឆ្នាំ២០២៤ថា អាជ្ញាកណ្តាលត្រូវប្រកាន់ភ្ជាប់នូវចំណុចកណ្តាលមិនលម្អៀងទៅកាន់ភាគីខាងណាមួយឡើយ ទោះភាគីនោះជាបងប្អូន ឬមិត្តភ័ក្តិក៏ដោយ។ ធ្វើជាអាជ្ញាកណ្តាលត្រូវប្រកាន់ភ្ជាប់នូវក្រមសិល៍ធម៌ និងយុត្តិធម៌ ក្នុងការកាត់ក្តីប្រកបដោយវិជ្ជាជីវៈ។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថា មន្រ្តីអាជ្ញាកណ្តាលត្រូវតែអភិវឌ្ឍសមត្ថភាពរហូតដើរឱ្យទាន់ការវិវឌ្ឍនៃប្រភេទកីឡារបស់យើង មានន័យថា អាជ្ញាកណ្តាលត្រូវបន្ថែមចំណេះដឹងថ្មីជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះចំណេះនេះ យើងក៏មិនប្រកដថា យើងជាអាជ្ញាកណ្តាលកាត់សេចក្តីតែនៅក្នុងស្រុករហូតនោះទេ ពោលបើយើងអភិវឌ្ឍចំណេះបន្ថែមយើងក៏អាចឈានជើងទៅជាអាជ្ញាកណ្តាលអន្តរជាតិកាត់សេចក្តីការប្រកួតនៅក្រៅប្រទេសបានដែរ។ ព្រោះអាជ្ញាកណ្តាលដែលចូលរួមកាត់សេចក្តីការប្រកួតអន្តរជាតិទាំងអស់បានកើតចេញពីការរៀនសូត្រដូចគ្នា អញ្ចឹងយើងប្រឹងប្រែងរៀនសូត្រយើងក៏អាចក្លាយទៅជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិបានដូចគ្នាដែរ។
ឯកឧត្តម រដ្ឋលេខាធិការ បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះ ជាវគ្គដែលមានសារៈសំខាន់ជាការដុះខាត់ដើម្បីអភិវឌ្ឍបន្ថែមនូវចំណេះដឹងថ្មីៗជាមួយមេរៀនថ្មីៗល្អដែលគ្រូឧទ្ទេសបានធ្វើការបង្ហាត់បង្ហាញ។ជាការពិតទាំងមន្រ្តីបច្ចេកទេសនិងអាជ្ញាកណ្តាលត្រូវតែមានបទពិសោធន៍ខ្ពស់តាមកម្រិតស្តង់ដា ទើបអាចកាត់សេចក្តីក្នុងព្រឹត្តិការណ៍ប្រកួតដោយភាពជឿជាក់។ហេតុដូចនេះហើ់យទើបសហព័ន្ធកីឡាសហ្វតិន្នីសកម្ពុជាបានដាក់នូវផែនការសកម្មភាពរបស់ខ្លួនក្នុងការអភិវឌ្ឍសមត្ថភាពមន្រ្តីបច្ចេកទេសនិងអាជ្ញាកណ្តាល ដើម្បីឱ្យពួកគាត់ទទួលបាននូវជំនាញបច្ចេកទេសអាចឆ្លើយតបបានទៅនិងកម្រិតប្រកួតប្រកបដោយប្រសិទ្ធិភាពក្នុងវិស័យកីឡាសហ្វតិន្នីសរបស់យើង។
ដោយឡែក ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាព និងបង្កើនធនធានមនុស្ស លើផ្នែកមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលកីឡាសូហ្វតិន្នីស ដើម្បីកាត់សេចក្តីក្នុងការប្រកួតឱ្យមានភាពសុក្រឹត្យ និងយុត្តិធម៌ និងត្រៀមចូលរួមចំណែកដឹកនាំការប្រកួត។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ឆ្នាំ២០២៤ បានដំណើរការ៥ថ្ងៃ ដោយមានសិក្ខាកាម ២៦នាក់ ក្រោមការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេស គឺលោក OGIWARA MASATO គ្រូបង្វឹកអន្តរជាតិ និងលោក យី សារិន គ្រូបង្វឹកជាតិ។ ចំពោះលទ្ធផល គឺសិក្ខាកាមទទួលបាននិទ្ទេសល្អ ៧៥ %, ល្អបង្គួរ ១៥ % និងមធ្យម ១០%៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ