ឯកឧត្តម អ៊ុន វិសិទ្ធគុន៖ ការកំណត់យកថ្ងៃទី៥ ខែសីហា បើកការដ្ឋានគម្រោងពែ្រកជីកហ្វូនណនតេជោ ធ្វើឱ្យអ្នក​នយោបាយជ្រុលនិយមខកបំណង

ភ្នំពេញ៖ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានមានប្រសាសន៍ថា ឯកឧត្តមពិតជាសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះដំណឹងដ៏ល្អដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាសាធារណៈស្តីពីការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាពេលមុខខាងនេះ។ នេះជាកំណត់ហេតុថ្មី​លើទឹកដីសុវណ្ណភូមិបានចាប់បដិសន្ធិកើតឡើងមកហើយ។ ដូច្នេះទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រទាំងអស់គ្នាចំពោះគម្រោងព្រែកជីហ្វូណនតេជោនេះ។

ឯកឧត្តមបានបន្តថា ការវិវឌ្ឍទៅខាងមុខជាបន្តបន្ទាប់​ចំពោះ​ការជីក​ព្រែកហ្វូណនតេជោនឹងធ្វើឱ្យប្រទេសជិតខាងកម្ពុជាខកបំណងហើយ ពីព្រោះពីមុនគេគិតថាខ្មែរមិនអាចធ្វើបាន តែពេលនេះកម្ពុជាធ្វើបានគ្រប់បែបយ៉ាង។​ កសាងសមិទ្ធផលដែលជាស្នាដៃរបស់ខ្លួនឯងមិនចាំបាច់ខ្ចីដង្ហើមបរទេសដកតទៅទៀត។ …កម្ពុជាបច្ចុប្បន្នមានធនធានគ្រប់បែបយ៉ាងសម្រាប់កសាងនិងអភិវឌ្ឍន៍ប្រទេស។ ដូច្នេះសូមអ្នកនយោបាយដែលជាន់ពន្លិចកម្ពុជា និងកំពុងតែរងាវពីខាងក្រៅប្រទេសល្មមអស់ចិត្តហើយ។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងការបើកការដ្ឋានគម្រោងពែ្រកជីកហ្វូនណនតេជោ ដែលព្រែកជីកនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រាប់កម្ពុជា ដែលនឹងផ្ដល់លទ្ធភាពឱ្យកម្ពុជាមានឯករាជ្យភាពលើការដឹកជញ្ជូន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅខេត្តទិសនិរតី ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីកសាងឱ្យបានព្រែកជីកប្រវត្តិសាស្ត្រក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។ ការប្រកាសនេះ ក្នុងពិធីសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការ “កំពង់ផែពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផត ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ

ads banner