លោក មួង សូនី៖ ក្រុមយុវជនមាតាធម្មជាតិដែលដើរហែក្បួន​ដាក់ញ្ញត្តិនៅក្រសួងបរិស្ថាន គឺមាននិន្នាការជនបរទេសនៅពីក្រោយ

ភ្នំពេញ៖ ប្រធានក្រុមយុវជន១០០រាត្រី បានហៅការដើរហែក្បួនរបស់ក្រុមយុវជនមាតាធម្មជាតិដាក់ញ្ញត្តិនៅក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្នើសុំបកស្រាយអំពីការលើកឡើងរបស់រដ្ឋបាលខេត្តកោះកុង ដែលបានគូសបញ្ជាក់ថា តំបន់ដែនជម្រកសត្វព្រៃពាមក្រសោប​មួយផ្នែកត្រូវបានកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ គឺពួកគេមាននិន្នាការនយោបាយ និងមានជនបរទេសនៅពីក្រោយ ក្នុងការធ្វើសកម្មភាពបំបាក់មុខមាត់កម្ពុជា។

លោក មួង សូនី ប្រធានក្រុមយុវជន១០០រាត្រី បានថ្លែងថា ក្រុមយុវជនមួយក្តាប់តូចដែលធ្វើសកម្មភាពដើរដាក់ញ្ញត្តិនៅក្រសួងបរិស្ថានកាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ គឺមាននិន្នាការជនបរទេសនៅពីក្រោយ ពីព្រោះញ្ញត្តិរបស់ពួកគេអាចយកមកដាក់ដោយផ្ទាល់នៅក្រសួងបរិស្ថានបានដោយមិនចាំបាច់ដើរហែក្បួនធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងជាការបំបាក់មុខមាត់សង្គមជាតិទៅវិញទេ ពីព្រោះកំហុសត្រង់ថា មិនគួរណាទទួលនូវគោលការណ៍ណែនាំពីបរទេស គឺពួកគេធ្វើសកម្មភាពដើរហែក្បួន។

លោកបានបញ្ជាក់ថា “ពីព្រោះកំហុសត្រង់ថា យើងមិនគួរណាទទួលនូវគោលការណ៍ណែនាំពីបរទេស គឺពួកគេធ្វើសកម្មភាពដើរហែក្បួនវាអត់សមរម្យទេ អាចយកមកដាក់នៅក្រសួងបរិស្ថានដោយផ្ទាល់មក ខ្ញុំគិតថា ថ្នាក់ដឹកនាំរបស់យើង ទាំងអភិបាលខេត្ត ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន គាត់យកចិត្តទុកដាក់ណាស់លើការងារបរិស្ថាន ជាពិសេសយន្តនាការប្លាស្ទិក យុទ្ធនាការធ្វើឱ្យទឹកស្អាត អាកាសស្អាត ដីស្អាត ហើយនឹងជាពិសេសគឺការដាំកូនឈើជាដើម។ យើងអត់ត្រូវដើរហែញ្ញត្តិអ៊ីចឹងទេ យើងកែតម្រូវបានច្រើនណាស់។ ដូច្នេះគួររៀនយកទម្លាប់ថ្មីជៀសវាងធ្វើឱ្យសង្គមខ្លួនឯងបាក់មុខមាត់ដោយសារតែរឿងដើរហែក្បួនខុសទទឹងទទែងនេះ”។

ប្រធានក្រុមយុវជន១០០រាត្រី បានបន្តទៀតថា អ្វីដែលលោកបានតាមដានរូបភាពរបស់ក្រុមយុវជនមួយចំនួនតូចនេះ គឺធ្វើក្នុងរូបភាពនយោបាយ មានចរិតនយោបាយ ហើយនិយាយហេតុផលអីក៏ពួកគេមិនជឿដែរ ក្រៅតែពីការធ្វើម៉េចក្រុមគេល្បី និងបំពេញគោលដៅបរទេស និងដើម្បីបំបាក់មុខមាត់សង្គមខ្លួនឯង។ នេះជាសារដែលលោកចង់ជម្រាបជូនដល់ក្រុមយុវជនទាំងអស់នោះ សូមឱ្យធ្វើការគិតគូរឡើងវិញ ដោយអាចប្តូរវិធីសាស្ត្រនៃការជួយសង្គមជៀសវាងការធ្វើសកម្មភាពដែលបំផ្លាញសង្គមខ្លួនឯង៕
ដោយ៖ពលជ័យ

ads banner