កម្ពុជាបញ្ជាក់ការមិនចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលគ្មានអញ្ជើញរុស្ស៊ីឱ្យចូលរួមឡើយ (Video Inside)

កម្ពុជាបានសម្រេចការមិនចូលរួមក្នុងកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន នៅក្នុងប្រទេសស្វីស ដែលគ្រោងរៀបចំធ្វើនាពាក់កណ្តាលខែមិថុនានេះឡើយ។

សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភា បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក Fresh News នារសៀលថ្ងៃទី៧មិថុនា ដោយបង្ហាញមូលហេតុថា ការដែលកម្ពុជាសម្រេចមិនទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែននោះ ពីព្រោះភាគីរុស្ស៉ីដែលជាភាគីសំខាន់ មិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ។

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីមុននេះបានថ្លែងថា ប្រទេសចិនដែលជាប្រទេស នៃសម្ព័ន្ធរបស់រុស្ស៊ី បានដាក់ការគាបសង្កត់លើប្រទេសមួយចំនួន មិនឱ្យទៅចូលរួមកិច្ចប្រជុំ ដែលត្រូវធ្វើនៅថ្ងៃទី១៥ និង១៦មិថុនាខាងមុខនេះឡើយ។

សម្តេចតេជោហ៊ុនសែន បានប្រាប់ Fresh News ថា «ការមិនទៅចូលរួម គឺជាសិទ្ធិពេញលេញរបស់កម្ពុជា និងមិនមែនធ្វើតាមការបង្គាប់របស់ចិនឡើយ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កម្ពុជានឹងមានកំហុសធ្ងន់ធ្ងរ ប្រសិនបើកម្ពុជា សម្រេចទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន ដែលធ្វើឡើងនៅប្រទេសស្វីស ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយគ្មានវត្តមានពីភាគីសំខាន់របស់រុស្ស៉ីនោះ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «វានឹងក្លាយទៅជាកំហុសដ៏ធ្ងន់ធ្ងរ និងក្លាយទៅជាការប្រមាថមួយ ចំពោះនយោបាយបរទេសរបស់កម្ពុជា ប្រសិនបើកម្ពុជាសម្រេចទៅចូលរួមកិច្ចប្រជុំកំពូលដើម្បីសន្តិភាពអ៊ុយក្រែន»។

សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបន្តថា «អ្វីដែលជាការកត់សំគាល់របស់កម្ពុជា គឺការចោទសួរថា តើលទ្ធផលនៃកិច្ចប្រជុំកំពូលនេះវានឹងទៅដល់ណា ?»។

សម្តេចតេជោបានបន្តថា «បើសិនជាកិច្ចប្រជុំកំពូលនេះនៅត្រឹមតែថ្កោលទោសរុស្ស៉ី ដែលជាភាគីសំខាន់មិនត្រូវបានគេអញ្ជើញឲ្យចូលរួមដោះស្រាយនោះ តើកម្ពុជាមានការចាំបាច់ដើម្បីចូលរួមធ្វើអ្វី ដោយវាគ្រាន់តែជាការបង្កើនអរិភាពបន្ថែមទៀតតែប៉ុណ្ណោះ»។

ads banner