សម្តេចធិបតីអំពាវនាវការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI ត្រូវផ្តល់តម្លៃសីលធម៌ (Video Inside)

សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានអំពាវនាវឱ្យមានការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI ឱ្យចំគោលដៅ ដែលប្រជាជនត្រូវការ និងចៀសវាងភាពគ្រោះថ្នាក់ដែលសង្គមមិនត្រូវការ។

ប្រសាសន៍ថ្លែងនេះ បានធ្វើឡើងក្នុងពិធីចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២០ ដែលប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប។

សម្តេចធិបតីជាមួយនឹងប្រសាសន៍កោតសរសើរការបង្កើតឡើងនូវបច្ចេកវិទ្យាថ្មីៗ ដែលបានជួយពង្រឹងដល់សមត្ថភាពមនុស្ស បានថ្លែងដាស់តឿនថា ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី AI ត្រូវមានការបញ្ចូលនូវការគិតពិចារណាក្រមសីលធម៌, បរិយាបន្នភាព, តម្លាភាព, ភាពត្រឹមត្រូវ និងឯកជនភាពទិន្នន័យ។

បច្ចេកវិទ្យា AI ត្រូវគេឃើញមានមនុស្សមួយចំនួន បានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ ជាពិសេសការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ការប្រើប្រាស់ក្នុងគោលដៅមិនត្រឹមត្រូវនោះ បានបណ្តាលឱ្យអ្នកដែលគ្មានការយល់ដឹងជាមូលដ្ឋាន លើកិច្ចការមួយចំនួន មិនអាចស្វែងយល់ដឹងថា តើព័ត៌មានមួយណាជាព័ត៌មានមិនពិត និងមួយណាជាព័ត៌មានពិតនោះឡើយ។

សម្តេចធិបតីបានបង្ហាញការជឿជាក់ថា អាស៊ានដែលមានប្រវត្តិយូរលង់នៅក្នុងការជំរុញ កិច្ចសហប្រតិបត្តិការពហុភាគី ក្នុងវិស័យវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍, គួរតែត្រូវខិតខំ តស៊ូមតិឱ្យបានខ្លាំងក្លាបន្ថែមទៀត អំពីភាពចាំបាច់ នៅក្នុងការប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដើម្បីតម្រង់ទិសអនាគតបច្ចេកវិទ្យាថ្មីៗ ប្រព័ន្ធអេកូឡូស៊ី វិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍របស់អាស៊ាន ដែលពឹងផ្អែកយ៉ាងខ្លាំង ទៅលើគោលការណ៍ពហុភាគី ដែលឈរលើមូលដ្ឋាន នៃស្ថិរភាព, សន្តិភាព, សមធម៌, និរន្តរភាព និងបរិយាបន្នភាព។

ads banner