សមត្ថកិច្ចថ្លែងថា ជនសង្ស័យគ្រឿងញៀន បាញ់សម្លាប់ខ្លួន ពេលស្ថិតក្នុងរង្វង់ឡោមព័ទ្ធ (Video Inside)

ជនសង្ស័យគ្រឿងញៀនម្នាក់ ដែលរងការឡោមព័ទ្ធពីសមត្ថកិច្ច ត្រូវគេរាយការណ៍ថា បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីបាញ់ជាច្រើនគ្រាប់ដាក់មកលើសមត្ថកិច្ច។

ហេតុការណ៍បាញ់សម្លាប់ខ្លួនឯងនេះ បានធ្វើវេលាម៉ោង៥កន្លះល្ងាចទី៧មិថុនា ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង នៃភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យដែលបាញ់សម្លាប់ខ្លួនឯងឈ្មោះ ហ៊ុំ បូរិន្ទ អាយុប្រមាណ ៤០ឆ្នាំ ដែលសមត្ថកិច្ចបញ្ជាក់ថា ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ។

ហេតុការណ៍បាញ់សម្លាប់ខ្លួនឯងនេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យរូបនោះ បានរងការឡោមព័ទ្ធពីសមត្ថកិច្ច និងសាក្សីនិយាយថា ជនសង្ស័យគ្រឿងញៀននោះ បានបាញ់ដាក់លើសមត្ថកិច្ចច្រើនគ្រាប់ ក្នុងពេលចង់រំដោះខ្លួនចេញពីរង្វង់ឡោមព័ទ្ធ ប៉ុន្តែសមត្ថកិច្ចបានហ៊ុំព័ទ្ធបរិវេណនោះ មិនអាចគេចរួចបានឡើយ។

សេចក្តីរាយការណ៍ខ្លះនិយាយថា មានការផ្ទុះអាវុធតទល់គ្នារវាងសមត្ថកិច្ច និងជនសង្ស័យ ប៉ុន្តែសមត្ថកិច្ចបានបដិសេធថា មិនបានបាញ់តបតទៅវិញឡើយ។

ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ ឃីងសារ៉ាត់ បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ជុំវិញជនសង្ស័យបាញ់សម្លាប់ខ្លួន។

លោកឧត្តមសេនីយ៍ ឃីង សារ៉ាត់ បានថ្លែងបញ្ជាក់ថា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធ ២នាក់ ក្នុងប្រតិបត្តិបង្ក្រាបនោះ។

ads banner