សម្តេចធិបតីទទួលជួបគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ាន (Video Inside)

សម្តេចធិបតីនាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសប្រុយណេ លោក ផិនជីរ៉ាន់ ដាតុ ស្ហាមហារី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៧មិថុនា នៅក្នុងខេត្តសៀមរាប។

គួរបញ្ជាក់ថា កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប។

សម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្ដៅ ដល់គណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ នៅក្នុងខេត្តសៀមរាបនាពេលនេះ និងបានថ្លែងចាត់ទុកថាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់ សម្រាប់រាជរដ្ឋាភិបាល ក្នុងការរៀបចំអនាគតដ៏រុងរឿង។

សម្តេចធិបតី បានថ្លែងប្រាប់ភ្ញៀវបរទេសថា ប្រសិនបើបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល រួមមានបញ្ហាដូចជា បទល្មើសបច្ចេកវិទ្យា, សន្តិសុខសាយប័រ, និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលអ្វីទាំងនេះ សុទ្ធតែបណ្ដាលមកពីការប្រើប្រាស់បច្ចេកវិទ្យា ក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។

ads banner