ចិនដំណើរការកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យធំបំផុតរបស់ពិភពលោក
ប្រទេសចិន នាពេលថ្មីៗនេះ បានដាក់ឲ្យដំណើរការ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យធំបំផុត នៅក្នុងពិភពលោក។ កសិដ្ឋានមួយនេះ មានទីតាំងស្ថិត នៅតំបន់វាលខ្សាច់ ក្បែរនឹងទីក្រុង អ៊ូរុំឈី (Urumqi) នៃតំបន់ស្វយ័ត Xinjiang លាតសន្ធឹងលើផ្ទៃដី ២០ម៉ឺនហិចតា និងអាចផលិតថាមពលអគ្គិសនី ពីពន្លឺព្រះអាទិត្យបាន ជាង៦ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ។
កសិដ្ឋាននេះ ត្រូវបានគ្រប់គ្រង ដោយក្រុមសាជីវកម្មសំណង់ថាមពលរដ្ឋរបស់ចិន និងបានចាប់ផ្តើមដំណើរការ កាលពីដើមសប្តាហ៍ ហើយអាចមានសមត្ថភាពផ្តល់ថាមពលគ្រប់គ្រាន់ ដល់ប្រទេសតូចមួយ ពេញមួយឆ្នាំ ដូចជាប្រទេស លុចសំបួរ ជាដើម។ សូម្បីតែ លោកមហាសេដ្ឋីអាមេរិក Elon Musk ក៏ធ្លាប់បានកោតសរសើរ ចំពោះកសិដ្ឋានថាមពលព្រះអាទិត្យ ថ្មីមួយនេះផងដែរ។
គិតត្រឹមឆ្នាំ២០២៣ ប្រទេសចិន បាននាំមុខគេលើពិភពលោក លើសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យ ពោលគឺគ្របដណ្តប់ ជាង៥០ភាគរយ។ ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ IEA ជឿជាក់ថា ប្រទេសចិននឹងគ្របដណ្តប់ ជិត៦០ភាគរយនៃសមត្ថភាពថាមពល កកើតឡើងវិញ ជាសកល នៅឆ្នាំ២០២៨។
ដំណាលគ្នានេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករណ៍នាពេលថ្មីៗនេះថា ការវិនិយោគជាសកលលើថាមពលស្អាតនៅឆ្នាំ២០២៤នេះ នឹងកើនឡើងដល់ ២ពាន់ពាន់លានដុល្លារលើថាមពលពន្លឺព្រះអាទិត្យ។
ការវិនិយោគរួមគ្នាលើថាមពលកកើតឡើងវិញ និងនុយក្លេអ៊ែរសម្រាប់ផលិតអគ្គិសនី ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១០ដង ដែលដឹកនាំដោយថាមពលពន្លឺព្រះអាទិត្យ ក្នុងនោះចិនជាប្រទេសរួមចំណែកវិនិយោគធំបំផុត។
ប្រភព៖ AFP ប្រែសម្រួលដោយ៖ សារ៉ាត