មនុស្សស្លាប់ដំបូង ដោយសារជំងឺផ្តាសាយបក្សី H5N2
បរទេស៖ អង្គការសុខភាពសហប្រជាជាតិ ហៅកាត់ WHO បានអះអាងថា មានមនុស្សស្លាប់ដំបូង ដោយសារតែជំងឺផ្តាសាយបក្សី H5N2 ប៉ុន្តែ ការស៊ើបអង្កេតករណីនេះ នឹងបន្តធ្វើ បន្ថែមទៀត។
អ្នកនាំពាក្យ របស់អង្គការសុខភាពពិភពលោក លោក Christian Lindmeier បានពន្យល់ថា «ការឆ្លងមេរោគ H5N2 របស់អ្នកស្លាប់ កំពុងត្រូវបានស៊ើបអង្កេត ដើម្បីដឹងថាតើគាត់ឆ្លង តាមការប្រាស្រ័យទាក់ទង ជាមួយសត្វប្រភេទណាខ្លះ កន្លងមក។»
ក្រសួងសុខាភិបាលប្រទេសម៉ិកស៊ិក បាននិយាយថា បុរសអាយុ ៥៩ ឆ្នាំរូបនេះ មានប្រវត្តិកើតជំងឺតម្រងនោមរ៉ាំរ៉ៃ ,ជំងឺទឹកនោមផ្អែមប្រភេទ២ និង ជំងឺលើសឈាមផងដែរ។
លោកបានដេកលើគ្រែព្យាបាល អស់រយៈពេល ៣សប្តាហ៍ មុនពេលចាប់ផ្តើមមានរោគសញ្ញាស្រួចស្រាវ គ្រុនក្តៅ ដកដង្ហើមខ្លីៗ រាគ ចង្អោរ និងជំងឺទូទៅ នៅថ្ងៃទី ១៧ ខែមេសា។ បុរសនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងម៉ិកស៊ិក នៅថ្ងៃទី ២៤ ខែមេសា ហើយបានស្លាប់ នៅថ្ងៃបន្ទាប់។
បុរសរូបនេះបានប៉ះពាល់ មនុស្ស១៧នាក់ ក្នុងមន្ទីរពេទ្យ និង ១២នាក់ផ្សេងទៀត នៅផ្ទះ ប៉ុន្តែពួកគេបានធ្វើតេស្តឃើញ អវិជ្ជមាន ជំងឺផ្តាសាយបក្សី H5N2។
H5N1 កើតមានជាលើកដំបូងក្នុងឆ្នាំ ១៩៩៦ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២០ ចំនួននៃការផ្ទុះឡើងកើតមានចំពោះបក្សីបានកើនឡើងជាលំដាប់ បណ្តាលឲ្យងាប់សត្វបក្សីរាប់សិបលានក្បាល រួមមានសត្វស្លាបព្រៃ និងថនិកសត្វសមុទ្រ ក៏បានឆ្លងមេរោគផងដែរ។
ករណីឆ្លងមកលើមនុស្សត្រូវបានកត់ត្រាច្រើន នៅក្នុងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ចាប់តាំងពីការរីករាលដាលនៃមេរោគនេះ ដោយភាគច្រើន មានលក្ខណៈស្រាល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត