មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ បាញ់រះជាច្រើនគ្រាប់ មកលើកម្លាំងសមត្ថកិច្ច ទើបបាញ់សម្លាប់ខ្លួនឯង

(ភ្នំពេញ)៖ ជនល្មើសដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម បានបើកការបាញ់រះប្រមាណ១០គ្រាប់ មកលើកម្លាំងសមត្ថកិច្ច ខណៈសមត្ថកិច្ចកំពុងសម្រុកចូលទៅបង្ក្រាបជនល្មើស សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះឡោមព័ទ្ធទីតាំង ផ្ទះមួយកន្លែង នៅខាងកើតផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបង្ក្រាបករណី បទល្មើសគ្រឿងញៀន ។

បន្ទាប់ពីកងកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងជំនាញ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាច្រើននាក់ប្រដាប់ដោយអាវុធវែង ខ្លីជាច្រើន ឡោមព័ទ្ធជុំជិតរួចមក ធ្វើឲ្យមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ និងធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធជួញដូរគ្រឿងញៀន និងជួញដូរអាវុធ បានបាញ់សម្លាប់ខ្លួនឯង ។

ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននេះ ដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន នៅក្នុងខណ្ឌឬស្សីកែវ ក្រោមការបញ្ជាជាប់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនល្មើសរូបនេះធ្លាប់ជាប់ពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួនពាក់ព័ន្ធជួញដូរគ្រឿងញៀន និងជួញដូរអាវុធ។ ជនល្មើសរូបនេះ ត្រូវបានកម្លាំងនគរបាលជំនាញរបស់មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន តាមដានជាយូរណាស់មកហើយ រហូតបង្ក្រាបនៅពេលនេះតែម្តង។

ក្រោយធ្វើការឡោមព័ទ្ធ ទំនងមិនអាចមានផ្លូវគេចខ្លួននោះ ជនល្មើសបានបាញ់សម្លាប់ខ្លួនឯងតែម្តង។ បើទោះបីជនល្មើសបាញ់ជាច្រើនគ្រាប់ក៏ដោយ ប្រតិបត្តិការនេះ មិនបណ្តាលឲ្យមន្រ្តីនគរបាល និងពលរដ្ឋរូបណារងរបួស ឬរងគ្រោះថ្នាក់នោះឡើយ ។

រដ្ឋបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបករណី ខាងលើនេះដែរ ក៏មានការផ្ទុះអាវុធបាញ់តដៃគ្នា ជាច្រើនគ្រាប់ ជាមួយសមត្ថកិច្ចផងដែរហើយករណីនេះត្រូវបានបញ្ចប់នាវេលាម៉ោង៦ល្ងាច ដោយជនល្មើសបានធ្វើអត្តឃាត ៕

ប្រភព ៖ រដ្ឋបាលខណ្ឌឬស្សីកែវ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner