ការពង្រឹងភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក រួមគ្នាជាមួយមិត្តនៃប្រទេសមេគង្គ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖​ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គបានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និងកិច្ចប្រជុំឧត្តមមន្ត្រីនៃមិត្តប្រទេសមេគង្គ នៅថ្ងៃទី ៥-៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំឧត្តមមន្ត្រីនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក បានពិភាក្សារអំពីរបៀបវារៈសំខាន់ៗរួមមានវឌ្ឍនភាព និងទិសដៅអនាគតនៃកម្មវិធីភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និងគម្រោងអនុម័តផែនការសកម្មភាពនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២៤-២០២៦។

កិច្ចប្រជុំក៏បានពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកនាពេលខាងមុខ។

ជាមួយគ្នានេះដែរ កិច្ចប្រជុំឧត្តមមន្ត្រីមិត្តនៃប្រទេសមេគង្គ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា នៅលេខាធិការដ្នានគណកម្មការទន្លេមេគង្គ (MRC) ក្រោមមូលបទ “ការពង្រឹងភាពជាដៃគូសម្រាប់ការតភ្ជាប់ និងភាពធន់របស់ប្រទេសមេគង្គ” ដោយមានការចូលរួមពីប្រទេសមេគង្គទាំងអស់រួមជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត។ កិច្ចប្រជុំនេះបានផ្តោតកិច្ចពិភាក្សាលើវិស័យអាទិភាពសំខាន់ៗ សម្រាប់ការអភិវឌ្ឍអនុតំបន់ទន្លេមេគង្គ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពសម្រាប់យន្តការមិត្តរបស់ប្រទេសមេគង្គ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំទាំងពីរខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក និងមិត្តនៃប្រទេសមេគង្គទាំងអស់ដែលបានជួយក្នុងការអភិវឌ្ឍអនុតំបន់ និងស្នើសុំបន្តការគាំទ្រតាមរយៈកិច្ចសហប្រតិបត្តិការមេគង្គនានាបន្ថែមទៀតរួមមាន៖ (១) ពង្រឹងភាពជាដៃគូរវាងសាធារណៈ និងឯកជន (២) ការអភិវឌ្ឍធនធានមនុស្ស (៣) ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និង(៤) វិស័យមីក្រូសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចឌីជីថល៕
ដោយៈពលជ័យ

ads banner