កីឡាការិនី ស្រួង ភាវី ដឹកនាំក្រុមវេជ្ជបណ្ឌិតជំនាញមកពីកូរ៉េ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ កុមារដោយឥតគិតថ្លៃ

ភ្នំពេញ៖ កីឡាការិនីផ្នែកកីឡាស្នូកឃ័រ និងប៊ីយ៉ា ស្រួង ភាវី បានដឹកនាំក្រុមវេជ្ជបណ្ឌិតជំនាញមកពីប្រទេសកូរ៉េ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងចែកអំណោយដល់កុមារកំព្រានៅអង្គការពន្លឺអនាគត ដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៧ និងទី៨ ខែមិថុនា ឆ្នាំ២០២៤។

កីឡាការិនី ស្រួង ភាវី ដែលជាកីឡារិនីកីឡាប៊ីយ៉ា និងជាសមាជិកសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានមានប្រសាសន៍ថា ក្រុមវេជ្ជបណ្ឌិតជំនាញមកពីប្រទេសកូរ៉េ បានជួយពិនិត្យជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងកុមារ ក្នុងនោះផ្តល់ជូនសេវាផ្នែកកុមារ ពេទ្យធ្មេញ ផ្នែកវះកាត់សំបកភ្នែកធ្លាក់ ពិនិត្យជំងឺឆ្អឹង និងជំងឺទូទៅជាច្រើនទៀត ព្រមទាំងចែកជូនឱសថ អាហារបំប៉នសុខភាព និងថ្នាំវីតាមីន។ ក្រៅពីការពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ក្រុមការងាររបស់អ្នកនាងក៏មានរៀបចំកម្មវិធីចែកអំណោយដល់កុមារកំព្រានៅអង្គការពន្លឺអនាគតផងដែរ ដោយកម្មវិធីសប្បុរសធម៌រយៈពេល២ថ្ងៃនេះ សរុបចំណាយអស់ជាង ២០ម៉ឺនដុល្លារ។

ជាមួយនឹងការងារសប្បុរសធម៌នេះ កីឡាការិនី ស្រួង ភាវី បានបង្ហាញក្តីរំភើប និងរីករាយដែលបានឃើញកុមារកំព្រាកំពុងរស់នៅក្នុងអង្គការពន្លឺអនាគត។ តាមរយៈការចុះជួបដោយផ្ទាល់ចំពោះស្ថានភាពរបស់កុមារកំព្រានៅក្នុងអង្គការពន្លឺអនាគតលើកដំបូង បានទាញចិត្តរបស់អ្នកនាងចូលរួមផ្សព្វផ្សាយ និងកៀងគស្វែងរកសប្បុរសជននានា ដើម្បីនាំយកអំណោយជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគត សម្រាប់ជួយទ្រទ្រង់ដល់ការរស់នៅរបស់កុមារកំព្រានៅក្នុងអង្គការនេះ។

កីឡាការិនី ស្រួង ភាវី បន្ថែមថា គិតមកដល់ឆ្នាំ២០២៤នេះ អ្នកនាងបានធ្វើសកម្មភាពមនុស្សធម៌ជាង៨ឆ្នាំមកហើយ ដោយបាននាំអំណោយមនុស្សធម៌ចុះជួយប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាននានានៅក្នុងប្រទេសកម្ពុជា ក្នុងនោះអំណោយភាគច្រើនគឺឱសថសម្រាប់បំប៉នសុខភាពដល់មនុស្សចាស់ ពីព្រោះជនចាស់ជរានៅតាមទីជនបទ ពួកគាត់មិនមានធនធានគ្រប់គ្រន់សម្រាប់ទិញឱសថថែរក្សាសុខភាព នៅពេលដែលពួកគាត់ត្រូវការឱសថជំនួយកម្លាំងនោះទេ។

នាឱកាសនោះដែរ កីឡារិនីកីឡាប៊ីយ៉ាដែលជាប្រធានអង្គការ ស្រួង ភាវី ប្រចាំប្រទេសកម្ពុជា និងសាធារណៈកូរ៉េ ក៏បានធ្វើការអំពាវនាវដល់សប្បុរសជននានាដែលមានធនធាន សូមចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដើម្បីចូលរួមចំណែកជួយដល់កុមារកំព្រា និងជនទីទ័លក្រ ក្នុងន័យសម្រាលការលំបាកដល់ពួកគាត់បានមួយកម្រិត។ សម្រាប់សកម្មភាពសប្បុរសធម៌ដឹកនាំដោយកីឡាការិនី ស្រួង ភាវី គឺតែងតែមានការចូលរួមពីសំណាក់ក្រុមហ៊ុនធំៗមួយចំនួននៅប្រទេសកូរ៉េ ដែលបានចូលរួមចំណែកយ៉ាងច្រើនជួយដល់កុមារ និងជនទីទ័លក្រនៅកម្ពុជា៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner