មេដឹកនាំហុងគ្រី៖ អឺរ៉ុបអាចបញ្ចប់សង្គ្រាមអ៊ុយក្រែនត្រឹម ២៤ម៉ោង
ប៊ុយដាប៉េស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ថ្លែងថា ប្រសិនបើមេដឹកនាំអឺរ៉ុបចង់បានសន្តិភាពនៅថ្ងៃនេះ ក្នុងរយៈពេល ២៤ម៉ោង នឹងមានបទឈប់បាញ់ក្នុងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ TV2 កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា អ្វីទាំងអស់ដែលសហភាពអ៊ឺរ៉ុបត្រូវធ្វើ គឺនិយាយថា ជូនចំពោះប្រជាជនអ៊ុយក្រែន បទឈប់បាញ់គឺជារឿងចាំបាច់ យើងត្រូវបញ្ឈប់ យើងនឹងមិនផ្តល់អាវុធ និងប្រាក់បន្ថែមទៀតទេ រហូតដល់មានការចរចារឈប់បាញ់ និងការចរចាសន្តិភាព។

លោក Orban បានព្រមានថា ប្រទេសលោកខាងលិច កំពុងស្ថិតក្នុងរង្វង់ជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ហើយថា ទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវការកម្លាំងគាំទ្រសន្តិភាព ដើម្បីជំនួសអ្នកដែលកំពុងកាន់អំណាចបច្ចុប្បន្ន ដើម្បីជៀសវាងនូវសេណារីយ៉ូនេះ។

លោក Orban បន្ថែមថា នឹងមានឱកាសកាន់តែច្រើនមក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាព ប្រសិនបើលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា ហើយបញ្ចប់សង្រ្គាមនេះក្នុងរយៈពេល ២៤ម៉ោង ដូចដែលគាត់បានសន្យាថានឹងធ្វើ។

គួរបញ្ជាក់ថា ហុងគ្រីតែងតែរិះគន់នូវវិធីសាស្រ្តរបស់លោកខាងលិច ចំពោះជម្លោះអ៊ុយក្រែន ហើយបានប្រឆាំងនឹងការផ្តល់ថវិការបស់អង្គការណាតូ និងការបំពាក់អាវុធដល់អ៊ុយក្រែន ក៏ដូចជាការដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយជំនួសឱ្យការអំពាវនាវឱ្យមានបទឈប់បាញ់ និងដំណោះស្រាយការទូត៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា