ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅខេត្តកែប

កែប:ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ១៣០នាក់ (ស្រី៧៥នាក់  )បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ពងទឹក ភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបកាលពីព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០៤ ក្រោមវត្តមានចូលរួមពីឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ   និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។ប្រជាពលរដ្ឋមកព្យាបាលជំងឺចំនួន ២៦៧៩នាក់ (ស្រី១៧៦៥ នាក់ )មកពីភូមិទាំង១៨ នៃខេត្តកែប។

ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធន៍ព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះ និងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ។ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម និងមានពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះផងដែរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យ ព្យាបាល ជំងឺ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ នៅស្រុកដំណាក់ចង្អើរនាពេលនេះ៕

ដោយៈសិលា សារិន

ads banner