អភិបាលខេត្តរតនគិរី អញ្ជើញចូលរួមកសាងឧបដ្ឋានសាលានៅវត្តរស្មីសាមគ្គីរតនារាម

រតនគិរី :ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីចាក់ប្លង់សេឧបដ្ឋាន
សាលានៅវត្តរស្មីសាមគ្គីរតនារាម ហៅវត្តភូមិថ្មី ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។

មានប្រសាសន៍នាឱកាសនេះឯកឧត្តមអភិបាលខេត្តបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចមហាវបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តរតនគិរី និយាយជារួម និងនិយាយដោយឡែកសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តដែលបានចូលរួមនាឱកាសនេះ។

ឯកឧត្តមបន្តថា សមិទ្ធផលដែលកើតឡើងនៅទីវត្តរស្មីសាមគ្គីរតនារាមនេះ គឺមិនមែនកើតឡើងដោយចៃដន្យ នោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ កត្តាសុខសន្តិភាព និង ការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ នឹងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការចូលរួម ចំណែក កសាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាក់ស្ដែងសមិទ្ធផល ជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេណវត្តរស្មីសាមគ្គីរតនារាមនេះ គឺទទួលបានពីការចូលរួមវិភាគទាន ដែលជាសិល្បៈ នៃការចែករំលែករបស់សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ទាំងនៅក្នុងមូលដ្ឋានផ្ទាល់ ក៏ដូចជាមកពីទីកន្លែងផ្សេងៗ ។
សូមបញ្ជាក់ថា ឧបដ្ឋានសាលាដែលធ្វើការចាក់ប្លង់សេនាពេលនេះមានទំហំ៣២ម៉ែត្រគុណនឹង៤៩ម៉ែត្រគ្រោងចំណាយថវិកាជាង១០ម៉ឺនដុល្លារ៕
ដោយៈ គតិ យុត្ត

ads banner