សមិទ្ធផលនានាតម្លៃជាង២៤ម៉ឺនដុល្លារ នៅវត្តទួលថ្ងាន់ត្រូវបានសម្ពោធឆ្លង

បាត់ដំបងៈសាលាធម្មសភា និងសមិទ្ធផលនានាដែលមានតម្លៃប្រមាណជាង២៤ ម៉ឺនដុល្លារ ក្នុងវត្តវឌ្ឍនកុសលារាម ហៅវត្តទួលថ្ងាន់ ស្ថិតនៅក្នុងភូមិនិគមឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានសម្ពោធឆ្លងកាលពីចុងសប្ដាហ៍កន្លងទៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងពិធីនេះឯកឧត្តម ប្រាក់ សំអឿន បានលើកឡើងថា សមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះពិតជាបានរួមចំណែកយ៉ាងសំខាន់បម្រើឧត្តមប្រយោជន៍នៅក្នុងទីអារាមនេះ ដែលកើតឡើងពីទឹកចិត្តសទ្ធាជ្រះថ្លា បរិច្ចាគធនធានផ្ទាល់ខ្លួន របស់ពុទ្ធបរិស័ទជិតឆ្ងាយ ទាំងអាជ្ញាធរ និងព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យវត្ត នៅទីនេះ។សមិទ្ធផលរីកចម្រើនទីនេះ ក៏មិនអាចកាត់ផ្តាច់បានពីកត្តាម្លប់នៃសុខសន្តិភាព របស់ប្រទេសជាតិយើងបានឡើយ។ បើគ្មានសន្តិភាព យើងមិនអាចកសាងនូវសមិទ្ធផលនានាបានឡើយមិនថាវិស័យពុទ្ធចក្រ ឬក៏ អាណាចក្រ នោះទេ។

តាមរយៈរបាយការណ៍របស់លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានឲ្យដឹងថា សមិទ្ធផលថ្មី សាលាធម្មសភា ស្ថិតក្នុងវត្តវឌ្ឍនកុសលារាម មានបណ្តោយប្រវែង៣០ម៉ែត្រនិងទទឹងប្រវែង១៦ម៉ែត្រ,ដំបូលប្រក់ក្បឿង បានកសាងរួចរាល់ជាស្ថាពរតម្លៃប្រមាណ ២៤៧ ៨៥០ ដុល្លារអាមេរិក៕
(អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប.)

ads banner