រដ្ឋបាលខេត្តកែបផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨

កែបៈឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប កាលពីចុងសប្ដាហ៍កន្លងទៅបានប្រជុំផ្សព្វផ្សាយ នូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ជូនថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធ ឧត្តមអគ្គានុរក្សប្រធានពន្ធនាគារ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឳកាសនេះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនូវផែនការយុទ្ធសាស្ត្រ នេះ ពិតជាមានសារៈសំខាន់ ក្នុងការស្វែងយល់ និងជំរុញលើកកម្ពស់ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលខេត្តកែប សម្រេចបាននាពេលកន្លងមក។ ឯកឧត្តម បន្តថា ក្រសួងមហាផ្ទៃដាក់ចេញនូវផែនយុទ្ធយុទ្ធសាស្ត្រ ស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមនេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសដល់ការដឹកនាំ ការគ្រប់គ្រង និងការអនុវត្ត តួនាទី ភារកិច្ច និងកាទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីធានាដល់ការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រកបដោយជោគជ័យ៕
ដោយៈ សិលា សារិន

ads banner