លោក Pita មានទំនុកចិត្ត ក្នុងសំណុំរឿងរំលាយបក្ស Move Forward

បាងកក៖ លោក Pita Limjaroenrat មេដឹកនាំគណបក្ស Move Forward ឬ គណបក្សឆ្ពោះទៅមុខ ដែលធ្លាប់ឈ្នះការបោះឆ្នោត តែមិនអាចធ្វើជានាយករដ្ឋមន្ត្រី បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកមានទំនុកចិត្ត ក្នុងការឈ្នះលើសំណុំរឿងតុលាការ ដែលប៉ុនប៉ងរំលាយគណបក្សរបស់លោក ជុំវិញការប្រមាថព្រះមហាក្សត្រ។

សូមរម្លឹកថា គណបក្ស Move Forward បានឈ្នះអាសនៈភាគច្រើន នៅក្នុងការបោះឆ្នោតសកល កាលពីឆ្នាំមុន ប៉ុន្តែសមាជិកព្រឹទ្ធសភាអភិរក្សបោះឆ្នោតមិនគាំទ្រលោកមិនឱ្យក្លាយជានាយករដ្ឋមន្ត្រី ត្បិតលោកត្រូវការសម្លេងបន្ថែមពីសភា ព្រោះឈ្នះមិនដាច់។ ជាការបង្អាក់ ក្រោមហេតុផលការប្តេជ្ញារបស់លោក ដែលនឹងជំរុញឱ្យកែប្រែច្បាប់ការពារព្រះមហាក្សត្រ ពីការរិះគន់ បើលោកធ្វើជានាយករដ្ឋមន្ត្រី។

តុលាការធម្មនុញ្ញកំពុងពិចារណាលើញត្តិដើម្បីរំលាយគណបក្សមួយនេះ ប៉ុន្តែលោក Pita បានគូសបញ្ជាក់កាលពីថ្ងៃអាទិត្យថា មានហេតុផល៩ចំណុច ដែលលោកនឹងឈ្នះ គឺផ្តោតលើយុត្តាធិការ និងដំណើរការ ប៉ុន្តែលោកមិនប្រាប់លម្អិតទេ។ លោកគ្រាន់តែនិយាយថា ការណ៍នេះ មានន័យថា ជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ មិនមែនត្រឹមតែលោកផ្ទាល់ទេ ហើយក៏មិនមែនតែគណបក្ស ប៉ុន្តែលំហប្រជាធិបតេយ្យ ទាំងមូល ក្នុងប្រទេសថៃ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃបានស្នើឱ្យតុលាការធម្មនុញ្ញរំលាយ គណបក្ស Move Forward នៅក្នុងខែមីនា ដោយរកឃើញថា គណបក្សមួយនេះប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ។ តុលាការនឹងបើកសវនាការលើសំណុំរឿងនេះ នៅថ្ងៃពុធ សប្តាហ៍នេះ ដើម្បីសម្រេចថាតើ គណបក្សរបស់លោក ត្រូវរំលាយ ឬក៏អត់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner