សម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិលគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី៥ ខែសីហា បើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖លោក ថុន សុផាន់ណា អ្នកនាំពាក្យសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊iវិលបានប្រាប់ AMS នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះថា សម្ព័ន្ធបណ្តុំអង្គការសង្គមស៊ីវិល សូមគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រកាសកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់នៅអត្ថប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា និងផ្តល់នៅលទ្ធភាពឲ្យកម្ពុជាមាននូវឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹក និងផ្តល់នៅផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
លោកបានបន្តថា សម្ព័ន្ធបណ្តុំអង្គការសង្គមស៊ីវិលជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគម្រោងនេះឲ្យលរចចេញជារូបរាងនៅក្នុងពេលឆាប់ៗខាងមុខនេះ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយក្នុងការពង្រីកវិសាលភាព នៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឲ្យកាន់តែមានភាពរីកចំរើនឈានទៅមុខមួយកម្រិតថែមទៀត។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងការបើកការដ្ឋានគម្រោងពែ្រកជីកហ្វូនណនតេជោ ដែលព្រែកជីកនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រាប់កម្ពុជា ដែលនឹងផ្ដល់លទ្ធភាពឱ្យកម្ពុជាមានឯករាជ្យភាពលើការដឹកជញ្ជូន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅខេត្តទិសនិរតី ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីកសាងឱ្យបានព្រែកជីកប្រវត្តិសាស្ត្រក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។ ការប្រកាសនេះ ក្នុងពិធីសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការ “កំពង់ផែពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផត ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ