ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៤
បាត់ដំបង៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបាត់ដំបងសម្រាប់អាណត្តិទី៤ (២០២៤-២០២៨)បន្ទាប់ពីឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅនេះ។
យោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ទទួលស្គាល់នូវសមាសភាពក្រុមប្រឹក្សាខេត្តបាត់ដំបងសម្រាប់អាណត្តិថ្មី (អាណត្តិទី៤) ដែលមានប្រធាននិងសមាជិកចំនួន២៧រូប។ក្នុងនោះ ឯកឧត្តម អ៊ុយ រី ជាប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងនិងសមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សប្រជាជនកម្ពុជា ចំនួន២៤រូប និងសមាជិក្ក្រុមប្រឹក្សាខេត្តមកពីគណបក្សឆន្ទៈខ្មែរ ចំនួនបីរូប។
មានប្រសាសន៍ក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា ការប្រកាសឱ្យចូលកាន់នូវតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង សម្រាប់អាណត្តិទី៤នាពេលនេះ បានធ្វើឡើងស្របតាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប មិនឱ្យលើសក្នុងរយៈពេល ១៤ថ្ងៃ បន្ទាប់ពីគ.ជ.បបានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង ក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង ឯកឧត្តម កើត រិទ្ធ បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមាសភាពក្រុមប្រឹក្សាខេត្តទាំងអស់ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងតំណែងនៅទូទាំងខេត្តបាត់ដំបងផ្តល់នូវសេចក្តីទុកចិត្តនិងបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង សម្រាប់អាណត្តិទី៤នេះដើម្បីបានបន្តការដឹកនាំខេត្តបាត់ដំបងនិងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនិងដើម្បីបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យថែមទៀត ។ជាពិសេសសម្រាប់ខេត្តបាត់ដំបង ។
ជាសក្ខីភាពនៃការតបស្នងចំពោះការផ្តល់នូវទំនុកចិត្តរបស់អង្គបោះឆ្នោតដែលជាតំណាងប្រជាពលរដ្ឋ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិថ្មីទី៤បានប្តេជ្ញាចិត្តដោយគោរពប្រតិបត្តិតាមរដ្ឋធម្មនុញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យនិងលិខិតបទដ្ឋាននានាឱ្យបានត្រឹមត្រូវ។គោរពនិងប្រតិបត្តិនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធ្វើឱ្យសម្រេចនិងទទួលបាននូវជោគជ័យ។ ប្តេជ្ញា និងខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាខេត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប