មន្រ្តីក្រុមការងារដឹកនាំដាំកូនឈើ ១ ០០០ដើម តាមដងផ្លូវជាតិលេខ៥ ក្នុងឃុំត្រពាំងជង
ពោធិ៍សាត់៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្ដម អ៊ឹង ឌីប៉ូឡា បានរៀបចំពិធីដាំកូនឈើ ចំនួន១ន០០០ដើម តាមសងខាងផ្លូវជាតិលេខ៥ ប្រវែងប្រមាណ ១៤គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រឃុំត្រពាំង ។ ពិធីនេះរៀបចំឡើងនៅបរិវេណខាងមុខផ្សារអ៊ីសុភីបាកានក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ដោយមានការចូលដោយក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្រពាំងជង អាជ្ញាធរស្រុក លោកប្រធានមន្ទីរកសិកម្មខេត្ត យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
កូនឈើដែលដាំជាប្រភេទឈើចម្រុះ ដូចជា ដើមក្ងោក ដើមលឿងរាជ ជាដើម។
ឯកឧត្ដម អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ថា ឯកឧត្ដម រដ្ឋមន្ត្រីកែវ រតនៈ ប្រធានក្រុម ការងារចុះជួយខេត្តពោធិ៍សាត់បានផ្តួចផ្តើមឲ្យមានការដាំដើមឈើតាមដងផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលមានប្រវែងប្រមាណ១០០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្ត កំពង់ឆ្នាំងរហូត ដល់ព្រំប្រទល់ខេត្តបាត់ដំបង និងដាំតាមផ្លូវជាតិសំខាន់ៗផ្សេងទៀតក្នុងខេត្ត ។ ក្នុងនោះឯកឧត្ដម ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកានក៏បានណែនាំឱ្យក្រុមការងារចុះជួយតាមឃុំដែលនៅជាប់ផ្លូវជាតិលេខ៥ ត្រូវដាំដើមឈើនិងមើលថែរក្សាឲ្យលូតលាស់បានល្អ ។
ឯកឧត្ដម អ៊ឹង ឌីប៉ូឡា បានឲ្យដឹងដែរថា ក្រៅការដាំដើមឈើ១០០០ដើម តាមផ្លូវជាតិលេខ៥ ក្រុមការងារចុះជួយឃុំត្រពាំងជងនឹងបន្ត ដាំដើមឈើតាមផ្លូវបំបែកពីផ្លូវជាតិលេខ៥ចុះទៅវត្តពិតត្រង់ និងផ្លូវបំបែកពីផ្លូវជាតិលេខ៥ចុះទៅវត្តបាកាន ។ ជាមួយគ្នានោះឯកឧត្ដម បានបំផុសឲ្យប្រជាពលរដ្ឋ ត្រូវធ្វើការដាំដើមឈើតាមផ្ទះរៀងៗខ្លួន ឲ្យបានគ្រប់ផ្ទះ ដោយក្រុមការងារគ្រោងនឹងជួយជាកូនឈើសម្រាប់យកទៅដាំ ៕
ដោយៈ ចេងពុំ