ក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ បើកកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៤
រតនគិរី: នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តរតនគិរី រសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៤ ក្រុមការងារពិសេសថ្នាក់ខេត្តលុបបំបាត់ជំងឺគ្រុនចាញ់បើកកិច្ចប្រជុំប្រចាំត្រីមាសទី២ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ឋនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល។
បន្ទាប់ពី លោក ជា សានិត ប្រធានមន្ទីរសុខាភិបាល ខេត្តរតនគិរី បានរាយការស្តីពីស្ថានភាពជំងឺគ្រុនចាញ់ រួចមក លោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានបញ្ជាក់ផែនការនៃការប្រយុទ្ធប្រឆាំងនិងជំងឺគ្រុនចាញ់ទូទាំងប្រទេស ។ដោយឡែកខេត្តរតនគិរី ក៏ដូចគ្នាដែរ ផែនការរបស់ក្រសួងក៏ដូចជាមជ្ឈមណ្ឌលជាតិ គឺយើងលុបបំបាត់ជំងឺគ្រុនចាញ់បង្កឡើងដោយប្រភេទប្លាស្មូយ៉ូម ហ្វាស៊ីប៉ារ៉ូម ហៅគាត់ថា PF នៅឆ្នាំ២០២៣កន្លងទៅ ហើយនៅឆ្នាំ២០២៥ គឺលុបបំបាត់ជំងឺគ្រុនចាញ់ មួយប្រភេទទៀតដែលបង្កឡើងដោយ ប្លាស្មូយ៉ូម វីវ៉ាក់ ហៅកាត់ថាPV ។
លោកវេជ្ជបណ្ឌិត ជា ងួន បន្តមានប្រសាសន៍ថា ដើម្បី លុបបំបាត់ទាំងស្រុងនូវជំងឺគ្រុនចាញ់បង្កឡើងដោយប្រភេទមេរោគឈ្មោះ ប្លាស្មូយ៉ូម វីវ៉ាក់ ហៅកាត់ថាPV ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ត្រូវបង្កើនការសហការយ៉ាងខ្លាំងក្លាជាមួយអង្គការដៃគូ និងអាជ្ញាធរមូលដ្ឋាន សម្រាប់សកម្មភាពគ្រុញចាញ់ បន្តផ្តល់សេវាព្យាបាលជំងឺគ្រុនចាញ់ ចែកមុងជ្រលក់ថ្នាំ នៅតំបន់ប្រឈម និងតំបន់ដាច់ស្រយាល រៀបចំកិច្ចសន្ទនាសហគមន៍នៅតំបន់ប្រឈមខ្ពស់ បន្តការចុះតាមដានអ្នកជំងឺគ្រុនចាញ់ និងទីតាំងផ្តល់ថ្នាំការពារហើយថ្នាំព្យាបាល ដល់អ្នកជំងឺ ដោយពន្យល់ណែនាំពីប្រភេទថ្នាំដែលមានប្រសិទ្ធភាពសម្រាប់ការព្យាបាលប្រភេទមេរោគឈ្មោះ ប្លាស្មូយ៉ូម វីវ៉ាក់ ហៅកាត់ថាPV៕
ដោយៈគតិ យុត្ត